ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃ ដាក់ពង្រាយលួសបន្លាតាមបណ្តោយព្រំដែន ដើម្បីកុំឲ្យមានការលួចឆ្លងដែនខុសច្បាប់ ខណៈករណីឆ្លងកូវីដនៅមីយ៉ាន់ម៉ាកើនឡើងយ៉ាងគំហុក

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បានសហការគ្នាបើកយុទ្ធនាការធ្វើតេស្តរក COVID-19 និងអនុវត្តរឹតបន្តឹងវិធានការសន្តិសុខនៅតាមបណ្តោយព្រំដែនរបស់ខ្លួន នៅក្នុងតំបន់រៀងៗខ្លួន ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ ខណៈដែលករណីឆ្លងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានការកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រទី១១ ខែកញ្ញាឆ្នាំ២០២០។

បើតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកនៅប្រទេសថៃ បានបង្ហាញពីសកម្មភាពប្រជាជននៅតាមព្រំដែន និងពលករចំណាកស្រុកមីយ៉ាន់ម៉ាជាច្រើននាក់ កំពុងឈរតម្រង់ជួរនៅក្រោមតង់ ដើម្បីផ្តល់សំណាកពួកគេនៅតាមមន្ទីរធ្វើតេស្តរក COVID-19 ចល័តនានានៅទីនោះ ខណៈដែលមន្ត្រីយោធាថៃ បានដាក់ពង្រាយលួសបន្លាក្នុងព្រៃនៅតាមបណ្តោយព្រំដែន ដើម្បីរារាំងកុំឲ្យមានការលួចឆ្លងដែនខុសច្បាប់។

សូមជម្រាបថា ប្រទេសទាំងពីរនេះ ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមិនមានករណីផ្ទុះឆ្លងរាលដាល COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំដូចដែលបណ្តាប្រទេសមួយចំនួន ក្នុងទ្វីបអាស៊ីបានជួបប្រទះនោះឡើយ។ប៉ុន្តែការកើនឡើងទ្វេដងនៃចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យប្រទេសជិតខាង ដូចជា៖ ថៃជាដើមមានការព្រួយបារម្ភជាខ្លាំង និងបានចាត់វិធានការភ្លាមៗចំពោះបញ្ហានេះ។

ដោយឡែកបើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រទី១១កញ្ញាម្សិលមិញនេះ បានរកឃើញករណីឆ្លងថ្មីបន្ថែមចំនួន ១១៥នាក់ដែលនាំឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ,២៦៥ករណី ក្នុងនោះស្លាប់ ១៤នាក់ និងជាសះស្បើយ ៦២៥នាក់៕ដោយ៖ស តារា


ចែករំលែក៖