ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីង បង្កដោយរថយន្តបែនដឹកដីមួយគ្រឿងបេីកបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វេីដំណេីរពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួស បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចលេីផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សែន សុខ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិរមេញជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ ។
ចំណែកអ្នករួមដំណើរត្រូវជាប្អូនថ្លៃមានឈ្មោះ ថុង ខេន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករអនាម័យ មានស្រុកកំណើតនៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ ។
រីឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
យោងតាមសម្ដីជនរងគ្រោះដែលរងរបួសស្រាល និងត្រូវជាប្អូនថ្លៃសពជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងបងថ្លៃបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1Q-6050 ចេញពីក្រុងតាខ្មៅ ក្នុងគោលបំណងទៅស្រុកកំណើតនៅឯខេត្ដតាកែវ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច លុះមកចំណុចកើតហេតុក៏ត្រូវរថយន្តបែនដឹកដី ពាក់ស្លាកលេខភ្នំពេញ 3F-2868 ដែលបើកបរស្របទិសគ្នា បុកម៉ូតូពីក្រោយបណ្ដាលឲ្យអ្នកបើកម៉ូតូត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែកឯអ្នករួមដំណើររងរបួសស្រាល ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ