ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តថ្កូវក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាពិសេសពុទ្ធបរិស័ទជិតឆ្ងាយនាព្រឹកថ្ងៃបិណ្ឌទី១១ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីកាន់បិណ្ឌនៅវត្តសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតផ្ទាល់របស់សម្តេច។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លា ជាទីបំផុត។

សម្តេចទំាងទ្វេបានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងបានចែកជូនអំណោយដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យផងដែរ។

សម្តេចបានផ្តាំផ្ញើប្រជាពលរដ្ឋបន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩។ សម្តេចបានលើកឡើងថា បើទោះនៅពេលនេះកម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺទំាងអស់ក្តី តែជំងឺនេះនៅតែធ្វើឲ្យពិភពលោកប្រឈមដដែល ដរាបណាគ្មានថ្នាំព្យាបាលនោះ។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់អាជ្ញាធរបន្តថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរសុវត្ថិភាព ក្នុងការធ្វើបុណ្យទាននៅក្នុងរដូវភ្ជុំបិណ្ឌនេះ។

ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាដ៏ធំប្រចំាឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាបានប្រារព្ធធ្វើតំាងពីបុរាណកាលមក ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ។ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង ប្រជាពលរដ្នបានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទាន តាមទីវត្តអារាមនានាទូទំាងប្រទេសយ៉ាងសប្បាយរីករាយ៕ ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖