រុស្ស៊ីបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដែលមានឈ្មោះថាSputnik V ជាលើកដំបូង នៅ៨៥តំបន់ទូទាំងប្រទេស នាថ្ងៃទី១៤ ខែកញ្ញានេះ។
សារព័ត៌មាន RT នៅថ្ងៃទី១៤ខែកញ្ញា បានដកស្រង់សម្តីលោក Mikhail Murashko រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីដែលបានបញ្ជាក់ថា នេះជាលទ្ធផលនៃការខិតខំរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីជួយដល់ពលរដ្ឋ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងធានាចែកចាយវ៉ាក់សំាងនេះឲ្យបានគ្រប់គ្រាន់។
វ៉ាក់សំាងប្រឆាំងកូវីដ-១៩ Sputnik V ផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លង Gamaleya នៅទីក្រុងមូស្គូ ហើយត្រូវបានរដ្ឋាភិបាលរុស្ស៊ីអនុម័តឲ្យផលិតនិងប្រើប្រាស់ជាផ្លូវការ។ បច្ចុប្បន្នមាន ពលរដ្ឋនៅទីក្រុងមូស្គូជាង៤ម៉ឺននាក់ បានស្ម័គចិត្តចាក់វ៉ាក់សាំងធ្វើតេស្តដំណាក់កាលទី៣។
កន្លងមក លទ្ធផលសាកល្បងវ៉ាក់សាំង Sputnik V បានចាក់សាកល្បងដំណាក់កាលទីមួយនិងទីពីររួចរាល់ឃើញថាមានសុវត្ថិភាព និងប្រសិទ្ធភាពយ៉ាងល្អបំផុត។ ក្នុងចំណោមអ្នកដែលបានសាកល្បង ឃើញថា មានប្រសិទ្ធភាពនិងសុវត្ថិភាព១០០ភាគរយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Murashko បានបញ្ជាក់ថា ក្រសួងបានផ្តល់បណ្តាញទំនាក់ទំនងទាន់ហេតុការណ៍សម្រាប់ក្រុមអ្នកសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផ្តល់ព័ត៌មានមកកាន់ក្រសួង ថាតើមានប្រតិកម្មអ្វីក្រោយការសាកល្បងនោះ៕
ដោយ៖ធី រីណា