ក្លិបបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកចាំទីក្លិប Benfica គឺកីឡាករ Mile Svilar បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ហើយកីឡាករ៣នាក់មកពីគូប្រជែងរបស់ពួកគេគឺក្លិប Sporting ក៏បានឆ្លងជំងឺនេះដែរ។
ក្លិប Benfica បានបញ្ជាក់នៅក្នុងព្រឹត្តិបត្រវេជ្ជសាស្រ្តរបស់ខ្លួនថាកីឡាករសញ្ជាតិបែលហ្ស៊ិក Svilar វ័យ២១ឆ្នាំនឹងខកខានការប្រកួតជម្រុះជុំទី៣នៃក្របខ័ណ្ឌ Champions League ជាមួយក្រុម PAOK ប្រទេសក្រិកនៅថ្ងៃអង្គារនេះ។
ការប្រកួតនេះនឹងក្លាយជាការប្រកួតដំបូងរបស់ក្រុម Benfica នៅរដូវកាលថ្មី និងជាលើកទី១ របស់គេចាប់តាំងពីលោក Jorge Jesus គ្រូបង្វឹកដែលបានឈ្នះពានលីគចំនួន៣លើកក្នុងរយៈពេល៦ឆ្នាំមុន បានវិលត្រឡប់មកកាន់តំណែងជាគ្រូបង្វឹកវិញ។
ប្រភពពីក្លិបមួយនៅ Sporting ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រថាកីឡាករ៣នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយមានអាការៈមិនស្រួលខ្លួនផងដែរ ដែលកីឡាករទាំងនោះមិនត្រូវបានបញ្ចេញឈ្មោះទេ។
ប្រភពបាននិយាយថា ការប្រកួតមិត្តភាពជាមួយក្រុម Napoli នៅថ្ងៃអាទិត្យខាងមុខនេះប្រហែលជាត្រូវលុបចោល ហើយការប្រកួតដំបូងនៃរដូវកាល២០២០-២០២១ របស់លីគកំពូលព័រទុយហ្គាល់គឺក្រុម Sportingត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Gil Vicente នៅថ្ងៃសៅរ៍ខាងមុខដែលមិនទាន់ដឹងច្បាស់ថាប្រកួត ឬលុបចោលនៅឡើយទេ ៕ដោយ៖ភារៈ