ព័ត៌មានទាន់ហេតុការណ៍៖

លោក អង្គ វង្ស វឌ្ឍានា និង លោក កើត រិទ្ធ អញ្ជើញពិធីរាប់បាត្រ និង វេរភត្តាហារប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌរបស់ក្រសួងយុត្តិធម៌ វេនទី១២ នៅវត្តលង្កា

ចែករំលែក៖

ភ្នំពេញ៖ លោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងលោកស្រី និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងលោកស្រី បានអញ្ជើញដឹកនាំ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីនៃក្រសួងយុត្តិធម៌ រួមទាំង លោក លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងមន្ត្រីបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករ ចូលរួមក្នុងពិធីរាប់បាត្រ និង វេរភត្តាហារប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌរបស់ក្រសួងយុត្តិធម៌ វេនទី១២ នៅវត្តលង្កា ក្នុងរាជធានីភ្នំពេញ។

សូមរម្លឹកផងដែរថា លោក កើត រិទ្ធ ជារដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ជំនួស លោក អង្គ វង្ស វឌ្ឍានា ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជាទេសរដ្ខមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ ជារឿយៗ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី តែងតែអញ្ជើញ លោកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រួមគ្នាជាអធិបតីក្នុងពិធីផ្សេងៗ ដើម្បីបង្កើនសាមគ្គីភាព និង ភាតរភាព។ លើសពីនេះទៅទៀត កាយវិការ សម្មភាព របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំពោះ លោក អង្គ វង្ស វឌ្ឍានា គឺជាកាយវិការប្រកបដោយគុណធម៌ កតញ្ញុតាធម៌ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅពោរពេញដោយសេចក្តីគោរព ស្រឡាញ់ជាទីបំផុត និងចាត់ទុក ដូចជា ឪពុក ជាគ្រូ ជាបងប្អូន និង ជាអ្នកមានគុណដែលមិនអាចបំភ្លេចបាន៕

ដោយ៖ សិលា


ចែករំលែក៖