ព័ត៌មានទាន់ហេតុការណ៍៖

អ្នកច្បាប់៖ ការចូលជាធរមាន នៃសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងកម្ពុជា និងវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ សូមធ្វើការរំឮក សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងកម្ពុជា-វៀតណាម នឹងចូលជាធរមាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះបន្តិច៖
យោងលិខិតលេខ៦០៩៣ កបទ-សអ/ច្បក១ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងកម្ពុជា-វៀតណាម នឹងចូលជាធរមាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។
សារៈសំខាន់នៃសន្ធិសញ្ញាថ្មីនេះគឺថា ប្រសិនបើជនជាតិកម្ពុជាណាម្នាក់បានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសវៀតណាមហើយត្រូវបានវៀតណាមកាត់ទោសតាមច្បាប់ គឺកម្ពុជាអាចស្នើសុំផ្ទេរអ្នកទោសនោះពីវៀតណាមមកអនុវត្តទោសបន្តនៅប្រទេសកម្ពុជាវិញបានតាមរយៈសន្ធិសញ្ញា ផ្ទេរអ្នកទោសរវា ងកម្ពុជា និងវៀតណាមនេះ។ សន្ធិសញ្ញានេះនឹងជួយការពារសិទ្ធិអ្នកទោសដែលជាជនជាតិខ្មែរ។​ អ្នកទោសជាជនជាតិខ្មែរដែលជាប់ទោសនៅប្រទេសវៀតណាមអាចជួបការលំបាកច្រើន ទាំងការមិនចេះភាសាវៀតណាម ស្ថានភាពស្នាក់នៅហើយបងប្អូនសាច់ញាតិក៏ពិបាកក្នុងការទៅសួរសុខទុក្ខទៀត។ ដូច្នេះតាមរយៈសន្ធិសញ្ញាថ្មីនេះអ្នកទោសខ្មែរអាចយកមកកម្ពុជាវិញបាន ដែលផ្តល់ភាពងាយដល់ពួកគេ។ ចំពោះភាពខុសគ្នានៃទំហំ ដាក់ទោសទណ្ឌរវាងកម្ពុជា និងវៀតណាម តួយ៉ាងវៀតណាមមានទោសប្រហារជីវិត ឯកម្ពុជាមានត្រឹមទោសដាក់ពន្ធនាគារ អស់ជីវិតនោះមិនបានបញ្ញត្តិក្នុងសន្ធិសញ្ញានេះទេ។

សន្ធិសញ្ញាផ្ទេរអ្នកទោស ខុសពីសន្ធិសញ្ញាបត្យាប័ន​​ ខុសគ្នានៅត្រង់ថា បត្យាប័នគឺជាកិច្ចសហការចាប់បញ្ជូនជនល្មើសទៅកាត់ទោសនៅក្នុងប្រទេសដែលបានស្នើសុំ ចំណែកសន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោសនេះវិញ គឺអនុវត្តទៅលើអ្នកដែលត្រូវបានកាត់ទោសជាស្ថាពរហើយកំពុងអនុវត្តទោស។ តាមសន្ធិសញ្ញានេះ​ កម្ពុជាអាចស្នើសុំផ្ទេរអ្នកទោសមកអនុវត្តទោសបន្តនៅក្នុងប្រទេសកំណើតវិញបាន ហើយវៀ តណាមក៏អាចធ្វើបានដូចគ្នានេះដែរជាមួយកម្ពុជា៕

ដោយ៖សិលា


ចែករំលែក៖