ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាភាពកក់ក្តៅផ្នែក សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ។
រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាង ប្រចាំការជាង២ពាន់នាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្ត កន្លែងសប្បាយភាព កម្លាំងសម្រួលចរាចរណ៍នៅតាមដងផ្លូវនិងការពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខ បញ្ហាចោរកម្មនៅតាមមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋចេញទៅលេងស្រុកកំណើតជាដើម។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លាំងការពារនៅតាមមូលដ្ឋាននេះ គឺដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ មិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ លោកបានបញ្ជាក់ថា រៀងរាល់ឆ្នាំនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោផ្ទះចោលដើម្បីទៅលេងស្រុកកំណើត។ ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវប្រយ័ត្នប្រយែងមែនទែន ក្នុងការប្រចាំការ ចុះល្បាតដើម្បីទប់ស្កាត់បញ្ហាចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។ ប្រជាជនចេញពីផ្ទះទៅស្រុក អ៊ីចឹងគាត់អត់យកផ្ទះទៅតាមទេ សម្ភារនៅផ្ទះ អាចមានចោរកម្ម ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវពង្រឹងកិច្ចការការពារឲ្យខាងតែបាន ដើម្បីទប់ស្កាត់អំពើចោរកម្មនេះជូនប្រជាពលរដ្ឋ ដែលនេះជាការផ្តល់ភាពកក់ក្តៅជូនពួកគាត់។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានសម្តែងការកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបានធ្វើឲ្យបទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទាំងរាជធានីភ្នំពេញមានការថយចុះគួរឲ្យកត់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមានសមត្ថកិច្ច ហើយចំណុចខ្លាំងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅកម្ពុជាបានកាន់តែច្រើន។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅតាមទីវត្តអារាមទំាងអស់ទូទាំងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានសហការជាមួយគណៈកម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងវត្តនិងការពារម៉ូតូរថយន្តនិងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទមកធ្វើបុណ្យ ប្រកបដោយសទ្ធាជ្រះថ្លា។ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាច រណ៍ផ្លូវគោក ក៏បានរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវដែលមាន លក្ខណៈតឹងរុឹង ដោយទប់ស្កាត់ឱ្យបានមិនឲ្យមានការដឹកលើសចំណុះនិងដឹកសំពីងសំពោងជាដើម ៕ដោយ៖ សំរិត