អន្តរជាតិ៖ ពិតជាអស្ចារ្យមែន បន្ទាប់ពីព្រះវិហារដ៏ស្រស់ស្អាតមួយក្នុងប្រទេសថៃ ត្រូវបានគេប្រើប្រាស់ដបស្រាបៀរកែច្នៃជាងមួយលានដបយកមកកសាងឡើង។ ដោយគំនិតផ្ដួចផ្ដើមនេះ គឺកើតឡើងក្រោយព្រះសង្ឃក្នុងវត្តនៅខេត្តភាគឦសាននៃប្រទេសថៃ ធុញទ្រាន់នឹងគំនរដបស្រា និងប្លាស្ទិកដែលពុទ្ធបរិស័ទប្រើប្រាស់ ហើយបោះចោលពាសទឹកពាសដី។
បើយោងតាមកាសែតថៃ The Nation បានចេញផ្សាយថា ដំបូងឡើយព្រះសង្ឃថៃនៃវត្តនេះ បានផ្ដើមយុទ្ធនាការមួយឈ្មោះថា «ដបស្រាបៀរមួយរយកសាងជញ្ជាំងវត្ត»។ ដោយការប្រមែប្រមូលដបស្រាទាំងនេះ បានកើតឡើងតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ដោយព្រះសង្ឃថៃផ្ដើមធុញទ្រាន់នឹងគំនរសំរាមប្លាស្ទិក និងដបស្រា ក្នុងតំបន់នេះ ។
ជាក់ស្តែងវត្តនេះ ស្ថិតក្នុងស្រុក ឃុនហាន (Khun Han) នៃខេត្ត ស៊ីសាកេត (Sisaket) វត្ត Pa Maha Chedi Kaew ត្រូវបានស្គាល់ថា«ព្រះវិហារដបមួយលាន» ព្រោះវិហារក្នុងវត្តកសាងពីដប ហើយត្រូវបានចាត់ទុកជាសក្ខីភាពនៃការប្រមូលផ្ដុំគ្នារបស់សហគមន៍ថៃមួយនេះដើម្បីកាត់បន្ថយការបំពុល។
សូមជម្រាបថា ព្រះចៅអធិការវត្តនេះ ក្រោយបញ្ចប់យុទ្ធនាការ លោកក៏បានបន្តដឹកនាំចលនាជាបន្តបន្ទាប់ដើម្បីកសាងព្រះវិហារ ដែលលម្អដោយដបស្រា។ មិនតែប៉ុណ្ណោះព្រះសង្ឃក៏បានលើកទឹកចិត្តឲ្យពលរដ្ឋនិងអាជីវករថៃបរិច្ចាគដបស្រានិងភេសជ្ជដែលពួកគេផឹករួចដល់វត្តផងដែរ។
ជាក់ស្តែង នៅក្នុងព្រះវិហារនេះ មានរូបសំណាក់ព្រះពុទ្ធមួយអង្គ ដែលលម្អដោយដបស្រាពណ៌ចម្រុះផងដែរ ។ ព្រោះ «ព្រះវិហារដបមួយលាន» ដែលផុសត្រដែតលើស្រះទឹកកណ្ដាលវត្តនេះ បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ១៩៨៦។ រីឯសំណង់នេះប្រើប្រាស់រយៈពេល២ឆ្នាំ។
គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ វត្តអារាមថៃមួយនេះ មានអគារសរុបប្រមាណ២០ហើយ រួមមាន៖ បន្ទប់សូត្រធម៌ សាលាឆាន់បន្ទប់ទឹក កុដិលោកសង្ឃ និងអាងស្ដុកទឹក ជាដើម ដែលសាងសង់ឡើងដោយប្រើប្រាស់ដបស្រា៕ដោយ៖ស តារា