ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបិទវគ្គហ្វឹកហ្វឺន មន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្ត ល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៩

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ១៣រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ លោក សុខខេង នវិន្ទ អនុរដ្ឋលេខាធិការបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន មន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្ត ល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៩ នៃក្រសួង បរិស្ថាន នៅសាលានាយទាហានសកម្មត្មាតពង ខេត្តកំពង់ស្ពឺ។

លោក សុខខេង នវិន្ទ បានឱ្យដឹងថា៖ ថ្វីត្បិតតែវគ្គហ្វឹកហ្វឺន មន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស ស្តីពី «វិធីសាស្ត្រល្បាត ក្នុងតំបន់ការពារធម្មជាតិ»មានរយៈ ពេលខ្លី ប៉ុន្តែវាជាគ្រឹះដ៏មានសារៈសំខាន់ បំផុតសម្រាប់ការកសាង សមត្ថភាពជំនាញ ជាមូលដ្ឋានរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅទីវាលការ ក្នុងការពង្រឹងការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងសមត្ថភាព មន្ត្រី រាជការ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រង តំបន់ការពារ ធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ជាពិសេសក្នុងតំបន់ការពារធម្មជាតិ ក្នុងបុព្វហេតុឧត្តុង្គឧត្តម របស់ជាតិ ប្រជាជន និងមាតុភូមិ ។

លោកអនុរដ្ឋលេខាធិការបន្តថា៖ ការកសាងសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលមន្ត្រីឧទ្យានុរក្សដែលជាឆ្មាំព្រៃ គឺជាផ្នែកដ៏សំខាន់ដើម្បីធានានិរន្តភាពព្រៃឈើ និងធនធានធម្មជាតិ។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន៦០នាក់ មកពីមន្ទីរបរិស្ថានខេត្តចំនួន០៥ (ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី )ដែលមានរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃ២៤ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងគោលបំណងកសាងធនធានមនុស្សដែលមន្ត្រីឧទ្យានុរក្សឲ្យមាសមត្ថភាពទាំងកាយសម្បទា និងវិធីសាស្ត្រល្បាតដោយចូលរួមអនុវត្ត ចក្ខុវិស័យបរិស្ថាន ឆ្នាំ២០២៣ គុណភាព និរន្តភាពបរិស្ថាន៕

ដោយ៖ សិលា


ចែករំលែក៖