ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបឱ វណ្ណឌីន សូមជម្រាបជូនសាធារណជនទាំងអស់​ នូវស្ថានភាពជំងឺគ្រុនផ្តាសាយធំ​ នៅទូទាំងប្រទេសកម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២០ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា៖
១.​ តាមការសរុបខេត្តចំនួនបួន​ (តាកែវ​ ត្បូងឃ្មុំ​ បាត់ដំបង​ និងបន្ទាយមានជ័យ)​ ដែលមានព្រះសង្ឃអាពាធរោគាកន្លងមក​ និងក្នុងពេលថ្មីៗនេះ​ មានចំនួនប្រមាណជាង១២០អង្គហេីយ​ ដែលឆ្លងជំងផ្តាសាយធំ។ ព្រះសង្ឃដែលអាពាធស្ទេីរតែទាំងអស់​ បានព្យាបាលជាសះស្បេីយ​ហេីយ​ នៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះ​ ដែលនៅបន្តការព្យាបាល​ តែស្ថានភាពបានធូរស្រាលហេីយដែរ។
២.​ ជាទូទៅ​ កត្តាដែលឲ្យមានបញ្ហាសុខភាព​បែបនេះ​ គឺមានកត្តាជាច្រេីនដូចជា​ ការប្រែប្រួលអាកាសធាតុ​ ការវិវត្តបម្រែបំរួលនៃវីរុស​ ឫមេរោគផ្សេងៗ​នៅក្នុងបរិស្ថានដែលផ្តល់អំណោយផលគួបផ្សំនឹងការបម្រែបម្រួលអាកាសធាតុ​ ឫមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ​ និងពពួកសត្វបក្សី​ ដែលអាចចម្លងវីរុសណាមួយមកបុគ្គល​ ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានច្អិន​ និងមានកង្វះការអនុវត្តអនាម័យដៃ​ និងខ្លួនប្រាណ​ ឆ្លងតាមការក្អកកណ្តាស់​ ដែលមិនបានខ្ទប់មាត់និងច្រមុះបានត្រឹមត្រូវឫឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហេីមអ្នកដែលឈឺ​ ជាដេីម។
៣.​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ព្រមទាំងព្រះសង្ឃ​ លោកតាអាចារ្យ​ លោកយាយជី​ និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា​ ចូលរួមអនុវត្តន៌វិធានការ៖
-​ ត្រូវមានអនាម័យខ្លួន​ប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច​ ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។
-​ ប្រេីម៉ាស់ក្នុងករណីចាំបាច់​ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម​ ឫកន្លែងដែលមានមនុស្សម្នាច្រេីន​ ហេីយពេលក្អកកណ្តាស់​ ត្រូវខ្ទប់មាត់នុងច្រមុះ​ ដោយប្រេីកន្សែង​ ក្រម៉ា​ ក្រដាសជូតមាត់​ ឫកែងដៃ​ ជាដេីម។
-​ ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល​ ពីមួយម៉ែត្រកន្លះឡេីងទៅ
-​ ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ​ និងសត្វបក្សី​ ដោយផ្ទាល់​។ ប្រសិនបេីបានប៉ះពាល់​ ត្រូវតែលាងដៃជាមួយសាប៊ូ​ ឲ្យឆាប់​ មុននឹងចាប់កាន់របស់របរ​ ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។
-​ ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ​ រក្សាអនាម័យចំណីអាហារ​ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា​ តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហេីយ។
-​ បេីមានបញ្ហាសុខភាព​ មិនត្រូវចូលរួមពិធី​ឫកម្មវិធីណាមួយនោះឡេីយ​ ដោយត្រូវស្នាក់ក្នុងកុដិ​ ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេ​ កុំឲ្យមានការចម្លងបន្តគ្នា​ ហេីយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។
-​ រាយការណ៌ទៅលេខ​ ១១៥​ (មិនមានថវិកា​ ក៏អាចហៅចូលបានដែរ)​ ឫទៅមន្ទីរសុខាភិបាលខេត្ត​ ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ មានសុខភាពល្អ​ ចៀសផុតនូវជំងឺឆ្លងនានា​ ជាពិសេសជំងឺកូវីដ-១៩​ និងជំងឺគ្រុនផ្តាសាយធំនេះ​។ សូមរីករាយក្នុងក្រុមគ្រួសារ​ ក្នុងថ្ងៃកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនេះផងដែរ។ សូមអរគុណ៕

ដោយ៖សិលា


ចែករំលែក៖