ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់យុវជន៤នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នកាលពីថ្ងៃពុធ១៤ រោច ខែភទ្របទ ឆ្នាំជូតពុទ្ធសករាជ ២៥៦៤ត្រូវថ្ងៃទី ១៦ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ៣និង២០នាទី រសៀលនៅលើបណ្ដោយផ្លូវលេខ ៣៦១A ត្រង់ចន្លោះគីឡូម៉ែត្រលេខ០១-០២ស្ថិតនៅភូមិកំពោតលៀបសង្កាត់ព្រៃអង្គញ់ ក្រុងបាវិតខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AT-៦៦៨២បើកបរដោយឈ្មោះ សាន វិសាល អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស រស់នៅភូមិកំពោតប្រស់សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង ចំណែកអ្នករួមដំណើរមានឈ្មោះ យិន ធារ៉ា អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ សួន ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

រីឯភាគីរងគ្រោះមានឈ្មោះ សំ ចាន់ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកSUZUKI NEX ពណ៌សលាយ

ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១M-១៥៧១។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជន៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅក្នុងទិសដៅពីកើតទៅលិចនៅលើបណ្ដោយផ្លូវលេខ ៣៦១A ត្រង់ចន្លោះគីឡូម៉ែត្រលេខ០១-០២ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូម៉ាកSUZUKI NEXមួយគ្រឿងជិះម្នាក់ឯងក្នុងទិសដៅស្របគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយកមធ្យោបាយម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ដើម្បីចាត់ការតាមច្បាប់៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖