ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោកស្រី លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សហការី បានអញ្ជើញមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តពោធិសេរីអណ្តែត ហៅវត្តព្រែកចាម ស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៎ ខេត្តព្រៃវែង ដែលជាស្រុកកំណើតផ្ទាល់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកស្រី បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លា ជាទីបំផុត។
លោកកិត្តិសេដ្ឋាបណ្ឌិត និងលោកស្រី បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនេះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត បានសំណេះសំណាលជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងបានចែកជូនអំណោយដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យផងដែរ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើប្រជាពលរដ្ឋបន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩។
លោក បានលើកឡើងថា បើទោះនៅពេលនេះកម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺទាំងអស់ក្តី តែជំងឺនេះនៅតែធ្វើឲ្យពិភពលោកប្រឈមដដែល ដរាបណាគ្មានថ្នាំព្យាបាលនោះ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើដល់អាជ្ញាធរបន្តថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរដោយសុវត្ថិភាព ក្នុងការធ្វើបុណ្យទាននៅក្នុងរដូវភ្ជុំបិណ្ឌនេះ៕
ដោយ៖សិលា