ភ្នំពេញ៖ នៅក្នុងឱកាសដែលពុទ្ធបរិស័ទយើង គ្រប់ស្រទាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរ យ៉ាងក្លៀវក្លាបំផុតនិងរួមសាគ្គីគ្នា ធ្វើបុណ្យសន្សំកុសល ដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ចាប់តាំងពីថ្ងៃ១រោច ខែភទ្របទ នៅតាមទីអារាម ដែលជាទីសក្ការៈរបស់លោក ដើម្បីទទួលយកព្រះកុសលផលបុណ្យរៀងៗខ្លួននោះ ដោយឡែកនៅក្នុង ព្រះបរមរាជវាំង ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានសព្វព្រះរាជហឬទ័យ បំពេញមហាព្រះរាជកុសលផលបុណ្យ ប្រកបដោយព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងព្រះរាជពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងឆ្នាំជូត ទោស័ក ព-ស ២៥៦៤ តាមព្រះរាជបវេណីដ៏រុងរឿងរបស់ ព្រះមហាក្សត្រខ្មែរ ។
ព្រះរាជពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅក្នុងព្រះបរមរាជវាំង បានដំណើរការឈានដល់វេលាព្រលប់ថ្ងៃ១៤ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ ព្រះរាជពិធីបុណ្យនៅវេលាប្រកបដោយជ័យមង្គលនេះ មានសភាពយ៉ាងមហោឡារិកអធឹកអធម ដោយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយទឹកដូង និងដង្វាយផ្សេងៗ ថ្វាយព្រះបិតរ។
ព្រះរាជពិធីបុណ្យនៅវេលាព្រលប់ថ្ងៃនេះ មានការរៀបចំយ៉ាងធំដុំខ្ពង់ខ្ពស់នូវដង្វាយផ្សេងៗ ដូចជា បាយសី បារីម្លូស្លា ទៀនធូបផ្កាភ្ញី ក្រយ៉ាស្ងោយ កុក្កដាក់ សុខៈរៈ នំអន្សម ផ្លែឈើគ្រប់មុខ និងសម្ភារៈដ៏មានតម្លៃមួយចំនួនទៀត ព្រមទាំងមានប្រគុំ ថ្វាយនូវ តូរ្យតន្ត្រី ប្រពៃណីបូរាណខ្មែរ ថ្វាយព្រះបិតរ។
ក្នុងកម្មវិធីបន្តនៃព្រះរាជពិធីបុណ្យ ដ៏វិសេសវិសាលនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងថ្វាយគ្រឿងសក្ការៈបូជា នៅព្រះទីនាំងតំណាក់ព្រះបិតរ ដែលបានរៀបចំ នៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ ដើម្បីគោរពបូជា ចំពោះព្រះបិតរ និងជាកិច្ចចាប់ផ្តើមរៀបចំនូវដង្វាយ ព្រះបិតរ នៅក្នុងព្រះទីនាំងនេះ ដើម្បីដង្ហែទៅកាន់ទីដ៏ខ្ពង់ខ្ពស់នៅក្នុងពេលវេលាបន្ទាប់។
លំដាប់អំពីនេះព្រះរាជពិធីបុណ្យបាន រៀបចំជាក្បូនដង្ហែចេញពី ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ឆ្ពោះទៅបណ្តែតតាមខ្សែគង្គា នៅកណ្តាលទន្លេចតុមុខ។សូមព្រះបិតរទ្រង់បានយាងគង់ប្រថាប់សោយសុខក្នុងព្រះសុគតិភពប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត រួចហើយសូមជួយអភិបាលរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមជួយទ្រទ្រង់ដល់ ប្រទេស និងប្រជារាស្ត្រកម្ពុជាទាំងមូល សូមបានប្រកបតែសេចក្តីសុខ សេចក្តីចំរុងចំរើន គ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សិលា