ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ៖ (គ.ប.ផ.ក )បង្ក្រាបផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្រ្កាបរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។ នេះបើតាមការថ្លែងក្នុងសន្និសីទកាសែតឱ្យដឹងពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា។

សូមបញ្ជាក់ថា៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ហៅកាត់ថា គ.ប.ផ.ក បានធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្រ្កាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា: ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន កាលពី២ថ្ងៃមុននេះ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ទោសទណ្ឌនៃការប្រព្រឹត្តបទល្មេីសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។

លោក បន្ថែមថា មួយរយៈចុងក្រោយនេះគឺមានការបង្ហាញមុខទំនិញ​ច្រើន​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក មានការងាយស្រួលក្នុងការរកអត្តសញ្ញាណ និង​បង្ក្រាប​។ ពីមុន​មាន​ច្រើន​ដែរ ប៉ុន្ដែ​មិនមាន​លក់​តាម​អនឡាញ ដូចនេះ គ.ប.ផ.ក ពិបាកក្នុងការស្វែងរកប្រភពបង្ក្រាប»៕

ដោយ៖សិលា


ចែករំលែក៖