ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០មកដល់បច្ចុប្បន្នឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានបណ្តាលឲ្យតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ទទួលរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀងដ៏ធំ ។
ជាក់ស្តែងនៅវេលាម៉ោង២៣យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម និង ឃុំសំរុង ទឹកភ្លៀងបានហូរកាត់លិចលំនៅឋានជាច្រើនខ្នង និងបណ្តាលឱ្យបាត់ក្មេងស្រីម្នាក់ឈ្មោះ វុទ្ធី ស្រីនី អាយុ១ខួប៨ខែ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្មេងស្រីខាងលើត្រូវបានទឹកហូរកួចយកទៅបាត់ក្នុងខណៈឪពុករបស់ក្មេងរងគ្រោះឈ្មោះ វុទ្ធី កុយ អាយុ២៣ឆ្នាំលើកក្មេងរងគ្រោះឱ្យផុតពីផ្ទៃទឹក តែរអិលធ្លាក់ចេញពីដៃចូលក្នុងទឹកអណ្តែតទៅបាត់។ បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកធ្វើការរុករកសពឃើញនៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៨ ខែកញ្ញាដែលបានអណ្តែតទើរលើដើមឈើចម្ងាយពីផ្ទះប្រមាណជាងបីរយម៉ែត្រ។
បច្ចុប្បន្នសាកសពក្មេងស្រីដែលបានលង់ទឹកស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ស សម