ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង១២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់នៅវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
លោក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធុនធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។
លោកបញ្ជាក់ថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចស្ពានខាងលើរថយន្តបានរ៉េចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានធ្វើឲ្យរថយន្តបានផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែកក្បាលរថយន្តបានធ្លាក់ទៅដល់ដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំណែកមនុស្សចំនួន០៦នាក់បានរងរបួសធ្ងន់និង០៦នាក់ទៀតរបួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តត្រូវនគរបាលជំនាញ ចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់៕
ដោយ៖វណ្ណា