ខេត្តតាកែវ៖ ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់ក្មួយៗជាកុមារកំព្រានិងបុគ្គលិកដែលស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាទាំង៨ក្នុងខេត្តកែវ ដែលកំពុងប្រឈមកំឡុងពេលការរីករាលដាលជំងឺកូវីដ-19នេះ ទើប នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងប្រតិភូអម ដំណើរបាននាំយកអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបា សិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគល់ជូនមណ្ឌលទាំង៨ដើម្បីជួយ សម្រាលការលំបាកនាពេលបច្ចុប្បន្ននេះ ម្យ៉ាងវិញទៀតដើម្បីផ្តល់ស្នាមញញឹម និងភាពកក់ក្តៅជូនដល់ក្មួយៗ ។ កម្មវិធីនេះប្រារព្ធធ្វើរួមនៅពីរទីតាំង គឺទីតាំងទី១ ប្រារព្ធក្នុងបរិវេណមណ្ឌលកុមាកំព្រាអូរព័ទ្ធដែលស្ថិតនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានចំនួន ៤មណ្ឌល និង ទីតាំងទី២ ប្រារព្ធក្នុងបរិវេណមណ្ឌល កុមារកំព្រាខេត្តតាកែវដែលស្ថិតនៅសង្កាត់រការក្នុងក្រុងដូនកែវ ខេត្តតាកែវ មានចំនួន ៤មណ្ឌល ។
ក្នុងឱកាសនោះលោក សុខ ពុទ្ធិវុធ បានមាន ប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទីនោះមានសម្តេចតេ ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ពិសេសក្មួយៗជាកុមារកំព្រាដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាពិសេសឯកឧត្តមក្រើនរម្លឹកឱ្យក្មួយៗបង្កើនការយកចិត្តទុកដាក់ថែ រក្សាសុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ហើយ សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សអូរអរច្រើន។ ឯកឧត្តមបានបន្តផ្តាំផ្ញើឱ្យខិតខំរៀនសូត្រដើម្បីទទួលបានចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិយើង
ហើយអំណោយដែលប្រគល់ជូនមណ្ឌលនីមួយៗនៅពេលនេះរួមមាន :
១-អង្ករផ្កាម្លិះ ១តោន
២-ឆ្នាំងធំចំនួន ០២
៣-ខ្ទះធំចំនួន ០២
៤-ចានបាយចំនួន ៥០
៥-ចានសម្លចំនួន ៥០
៦-ស្លាបព្រាបាយចំនួន ០៥ឡូ
៧-វែកឆាចំនួន ០២
៨-កាធុនអ៊ីណុកចំនួន ០៣
៩-ទឹកត្រីចំនួន ០៣យួរ
១០-ទឹកស៊ីអុីវចំនួន ០៣យួរ
១១-ត្រីខចំនួន ០៣កេសធំ
១២-នំធុងចំនួន ០៣កេសធំ
១៣-មីជាតិ ៣រស់ជាតិចំនួន ១៨កេសតូច
១៤-ទឹកដោះគោខាប់ចំនួន ០១កេស
១៥-ថវិកា១លានរៀល ។
ដោយឡែកកុមារកំព្រាទាំង៨មណ្ឌលសរុប ២៥៥នាក់ ម្នាក់ៗទទួលបានកាតាបដ៏ស្រស់ស្អាតមួយម្នាក់ៗដែលក្នុងនោះមានជាសំភារៈសិក្សា និង សំលៀកបំពាក់មួយ សំរាប់ព្រម ទាំងឃីតមួយមានកន្សែង ច្រាសដុះធ្មេញ សាប៊ូដុំ និងជេល លាងដៃ០១ដបតូច ។ រីឯបុគ្គលិកសរុបចំនួន ៥២នាក់ ម្នាក់ៗ ទទួលបានឃីតមួយកញ្ចប់និងថវិកាចំនួន៤០ម៉ឺនរៀល ។
សូមបញ្ជាក់ថា: មណ្ឌលកុមារកំព្រាទាំងនេះគឺជាកន្លែងជួយសង្គ្រោះកុមាររងគ្រោះដោយជំងឺអេដស៍ និងកុមារកំព្រាដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញ វិជ្ជាជីវៈដល់ពួកគេ៕
ដោយ៖ សិលា