ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចគាស់យកម៉ាស៉ីនត្រជាក់ដ៏ជំនាញម្នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុវាយខ្នោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ ដែលជាចោរលួចគាស់ដោះយកម៉ាស៉ីនត្រជាក់ដ៏សកម្ម ខណៈដែលរូបគេកំពុងលួចគាស់យកម៉ាស៉ីនត្រជាក់តាមផ្ទះរបស់ប្រជាពលរដ្ឋ (នៅពេលម្ចាស់អត់នៅ) ត្រង់ភូមិសាស្ត្រ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានខាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបានហើយ។ 

ការឃាត់ខ្លួននេះធ្វើឡើងនាវេលាទៀបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈកម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ កំពុងជិះល្បាតតាមដងផ្លូវនៅក្នុងក្រុង ជាពិសេសផ្ទះដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូលលួចយកទ្រព្យសម្បត្តិផ្សេងៗ។

សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យនេះមានឈ្មោះ សឿន សារ៉ាត់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាអ្នករត់ម៉ូតូកង់បីនៅក្រុងព្រះសីហនុ។

សមត្ថកិច្ចបន្តថា៖ វត្ថុតាងដែលសមត្ថកិច្ចប្រមូលបាន រួមមាន៖ ដែកគាស់ ១ដើម, ទល់រឺវីស ១ដើម, ដង្កាប់ ១, កន្ទ្រៃ ១ ,សោ ៣ដើម, តេឡេម៉ាស៉ីនត្រជាក់ ៥គ្រឿង, ក្បាលម៉ាស៉ីនត្រជាក់ ៥គ្រឿង, កន្ទុយម៉ាស៉ីនត្រជាក់ ១២គ្រឿង, ម៉ូទ័របូមទឹក ១គ្រឿង, ម៉ូតូកង់បី ១គ្រឿង៕

ដោយ៖ សិលា


ចែករំលែក៖