ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ (ដំណឹងបន្ថែម) លោក គួច ចំរើន ដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល ០៣ថ្ងៃកន្លងមក ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។
សូមជម្រាបថា ៖ ប្រតិបត្តិការនេះបានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក រហូតដល់ម៉ោង១៥ និង៣០នាទីរសៀលថ្ងៃដដែល ដោយប្រើប្រាស់កាណូតល្បឿនលឿនចំនួន១៨គ្រឿង ចេញដឹកជញ្ជូនចំនួន ២៦ជើង។
ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប ១៣៩១នាក់ ស្រី៥៩៥នាក់ ក្មេងអាយុក្រោមអាយុ ១៥ឆ្នាំមានចំនួន ១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៧៣នាក់ ស្រី១៥៤នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនតាមកាណូតល្បឿនលឿន មកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូល រួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលក្រុងព្រះសីហនុកងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕

ដោយ៖សិលា


ចែករំលែក៖