ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងនៅខាងមុខបណ្ដាលឲ្យស្លាប់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងបើកបត់ស្ដាំឆ្លងផ្លូវមិនប្រយ័ត្ន បានបុកម៉ូតូមួយគ្រឿងបើកនៅខាងមុខ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ រីឯនារីម្នាក់ទៀតជាអ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបភ្លើងព្រែកហូរ លើផ្លូវជាតិលេខ២ កែងផ្លូវ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាក RHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-4901 អ្នកបើកដោយឈ្មោះ អឿន សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ (ឃាត់ខ្លួន) មានទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះស្លាប់ឈ្មោះ វ៉ាន់ មុន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក HONDA CUB ពណ៌ ទឹកប៊ិច គ្មានស្លាកលេខ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ សុខ ឧស្សាហ៍ ភេទស្រី អាយុ២៣ឆ្នាំ (របួសបាក់ជើងខាងឆ្វេង)។ ជនរងគ្រោះទាំងពីរមានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក RHINO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-4901 បើកបរដោយឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ៣៧ ឆ្នាំ (ឃាត់ខ្លួន) បើកបរក្នុងទិសដៅពីជើងទៅត្បូង រួចបត់ស្ដាំ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ ទឹកប៊ិច គ្មានស្លាកលេខ បើកក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់ រីឯនារីរងគ្រោះជាអ្នករួមដំណើររងរបួសធ្ងន់ ។
ក្រោយពីមាន​ហេតុការណ៍​កើតឡើង​ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានកម្លាំងនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ​បណ្ដាលមកពីអ្នកបើករថយន្តបើកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន​ ទើបមានគ្រោះថ្នាក់បែបនេះកើតឡើង៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖