ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅក្រុមហ៊ុនអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅក្រុមហ៊ុនអាមេរិក។

ការដឹកនាំកិច្ចប្រជុំរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ សម្តេចមានប្រសាសន៍ថា៖ ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អាឡិចសាន់ដឺ ហ្វលម៉េន (Alexander Feldman) ប្រធាន និង ជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ព្រមទាំងសមាជិក គណៈប្រតិភូទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ ។ ទោះជាមិនអាចរៀបចំជំនួបដោយផ្ទាល់នៅប្រទេសកម្ពុជាក្ដី, តែខ្ញុំជឿថា យើងនឹងអាចទាញយក លទ្ធផលជាក់ស្តែងចេញពីកិច្ចប្រជុំដ៏សំខាន់នេះ នៅពេលដែលយើងកំពុងព្យាយាមដោះស្រាយបញ្ហា ប្រឈមនានា ដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីពង្រីកកាលានុវត្តភាព សហប្រតិបត្តិការ, ជំរុញកំណើន និង ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានការថមថយ ។ អស់រយៈពេលជាងប្រាំបួនខែមកហើយ ពិភពលោកបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបានបង្កជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក លើសង្គម និង សេដ្ឋកិច្ច ។ សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ -១៩ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ បិទ ប្រទេសទាំងមូលនោះទេ ។ ជាការពិត , ជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់ មួយចំនួន ជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ, វិស័យទេសចរណ៍, វិស័យអាកាសចរណ៍ និង វិស័យ សេវាខ្លះទៀត ។ ស្ថិតក្នុងសភាពការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន ៥ ជុំរួចមកហើយ , ទាំងវិធានការជួយដល់វិស័យសេដ្ឋកិច្ច និង វិស័យសង្គមកិច្ច, សំដៅជួយរក្សា លំនឹងផលិតកម្ម និង អាជីវកម្ម ក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ ។ ខ្ញុំជឿជាក់ថា ធុរកិច្ចអាមេរិកមួយចំនួន ដែលមានវត្តមាននៅកម្ពុជា ក៏បាន ទទួលនូវផលប្រយោជន៍ពីវិធានការទាំងនេះ ។

ទន្ទឹមនេះ, ទោះបីជាមានបញ្ហាជំងឺកូវីដក៏ដោយ , ខ្ញុំពិតជាមានមោទនភាពចំពោះកំណើនទំហំពាណិ ជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២០ នេះ បានកើនឡើង ប្រមាណជិត ១៧ ភាគរយ, ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ។

ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ជម្រាបជូនសមាជិកគណៈប្រតិភូទាំងអស់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាន និងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច , ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ ។ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម , ជាពិសេសនៅពេលជំងឺកូវីដ.១៩ មានភាពធូរស្រាល , កម្ពុជាកំពុង រៀបចំកែលម្អច្បាប់វិនិយោគ និង ប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មាន ភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក , បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់ ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត ។ ទន្ទឹមនេះដែរ, កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិ , ជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ ។ ខ្ញុំសង្ឃឹមថា ច្បាប់ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា – ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយ ជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែល កំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ ។

បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និង ធុរជន កំពុងជួបប្រទះ ក្នុង គោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និង ការបង្កើត បរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស ។ ជាទិសដៅទៅមុខ, កម្ពុជានឹងដាក់ឲ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និង ទាន់ពេល គួបផ្សំនឹងការគិតគូរជា យុទ្ធសាស្ត្រ តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយ រូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឲ្យបាននូវគោលបំណងជាអាទិភាពចំនួន ២ គឺ ៖ ទី១.ការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម និង ទី២.ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។

ខ្ញុំសូមអគុណចំពោះវត្តមានរបស់លោក អាឡិចសាន់ដឺ ហ្វលម៉េន (Alexander Feldman) និង តំណាងក្រុមហ៊ុនទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំព្រឹកនេះរបស់យើង ។ នេះ គឺជាការ បង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនអាមេរិក មកលើកម្ពុជា ក៏ដូចជាបង្ហាញអំពីឆន្ទៈ នៃការចូលរួមចំណែកក្នុងការអភិវឌ្ឍ និង លើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងមូល ។ ខ្ញុំសូមស្នើ ឲ្យលោក និង តំណាងក្រុមហ៊ុនទាំងអស់ មេត្តាផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និង សូមជួយទាក់ទាញវិនិយោគិនអាមេរិក មកធ្វើ ការវិនិយោគបន្ថែមនៅកម្ពុជា ។

ខ្ញុំសូមជូនពរឲ្យបេសកកម្មរបស់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ ដើម្បីលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាចូលរួម ចំណែកលើកស្ទួយទំនាក់ទំនងសហប្រតិបត្តិការ US- ASEAN ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។ ខ្ញុំសូមជូនពរឲ្យគណៈប្រតិភូទាំងអស់សូមមានសុខភាពល្អ, ចៀសឆ្ងាយពីជំងឺកូវីដ-១៩ និងសូមប្រកប ដោយជោគជ័យ និង សេចក្តីចម្រើនគ្រប់ប្រការ ខ្ញុំសូមអគុណ និង សូមបិទអង្គប្រជុំរបស់យើង! ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖