ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
អនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បញ្ជីឈ្មោះទីតាំង ការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ត្រូវបិទផ្សាយតាមបណ្តាឃុំ សង្កាត់ទូទាំង ប្រទេសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ។ ការងារនេះលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ .ខប) សហការជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់បានរៀបចំបិទផ្សាយរួចរាល់ជាស្ថាពរនៅតាមឃុំ សង្កាត់ចំនួន ១.៦៨៤ ដោយឡែកមានសង្កាត់ ចំនួន ២ ស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មិនទាន់បានបិទផ្សាយនៅឡើយទេ ដោយសារមានភ្លៀង និង
ខ្យល់ខ្លាំង គិតត្រឹមម៉ោង៥និង៣០ នាទីថ្ងៃដដែលនេះ។ ទន្ទឹមនឹងនេះ ក៏មានខេត្តមួយចំនួនទៀតបានជួបនូវឧបសគ្គ ដូចជាភ្លៀង ខ្យល់ និងទឹកជំនន់ ដែលនាំឱ្យមានការពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែមិនបានធ្វើឱ្យមានការរាំងស្ទះ ដល់ការងារនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយសង្កាត់ទាំង ២ ដែលមិនទាន់បានបិទផ្សាយ ល.ខ .ប និងក្រុម ប្រឹក្សាសង្កាត់នឹងបន្តខិតខំធ្វើឱ្យបាន ដើម្បីបំពេញតួនាទីក្នុងភាពជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោត។ បញ្ជីបោះឆ្នោតចុងក្រោយក្រៅពីបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ នៅតាមទីប្រជុំជនក្នុងឃុំ សង្កាត់ ក៏មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប voterlist.nec.gov.kh និង កម្មវិធីទូរស័ព្ទដៃ (App) Voterlist KH ផងដែរ។ គោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដើម្បីឱ្យអ្នកដែលបាន ចុះឈ្មោះ រួចហើយ មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោត មិនត្រឹមត្រូវ
តាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ “អ្នកបោះឆ្នោតអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះ បោះឆ្នោត ក្នុងអំឡុងពេលនៃការ ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ។ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ មានចំនួន ៨.៦២៩.៣៥៧ នាក់។
ដោយឡែកសម្រាប់ឆ្នាំ២០២០ នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០.៣៩០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ១២៣,២៥១ នាក់ រីឯការិយាល័យបោះឆ្នោតវិញ មានចំនួន ២៣.៨១៨ ការិយាល័យ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវចាប់ផ្តើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសក្នុងថ្ងៃតែមួយ គឺថ្ងៃទី១ ខែតុលា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕
ដោយ៖ សុខ ខេមរា