ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលក់សាំង៣កន្លែងទៀតត្រូវបានកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យបន្តចុះត្រួតពិនិត្យក្នុងមូលដ្ឋានខណ្ឌដូនពេញដើម្បីបង្ការនិងការពារកុំឱ្យមានអគ្គិភ័យកើតឡើង

ចែករំលែក៖

ភ្នំពេញ៖​ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឲ្យអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ 

ក្រោយពីទទួលបានបទបញ្ជានេះរួចមក នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ​ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ, លោកអនុសេនីយ៍ឯក សុង សោភ័ណ្ឌ នាយរងផ្នែកអគ្គិភ័យរួមសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ បន្តចុះធ្វើការត្រួតពិនិត្យទីតាំងលក់សាំងចំនួន ៣ទីតាំង។

ទីតាំងទី១នៅស្ថានីយប្រងឥន្ធនៈកាល់តិច ដែលមានម្ចាស់ឈ្មោះ ហួត ម៉ាន់ណា ភេទប្រុស អាយុ ៤៨ឆ្នាំ ស្ថិតនៅចំណុចដីឡូត៍លេខ៣២៤-៣២៦ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ទីតាំងទី២ នៅស្ថានីយប្រេងឥន្ធនៈ សូគីមិុច ប៉ាស្ទ័រ និងលក់ហ្គាស ដែលមានម្ចាស់ឈ្មោះ ម៉ៅ វន ភេទប្រុស អាយុ ៣២ឆ្នាំ ស្ថិតនៅចំណុចដីឡូត៍លេខ១៦៥ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ទីតាំងទី៣នៅស្ថានីយប្រេងឥន្ធនៈ ភី.ធី.ធី ដែលមានម្ចាស់ឈ្មោះ តេង គីមសេង ភេទប្រុស អាយុ ២៦ឆ្នាំ ស្ថិតនៅចំណុចផ្លូវលេខ២៤០ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ 

ដោយនៅក្នុងទីតាំងចំនួន៣កន្លែងដែលកម្លាំងជំនាញយើងធ្វើការចុះត្រួតពិនិត្យមើលនោះ ពិតជាមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មប្រាកដមែន។

ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន៣រួចមក កម្លាំងជំនាញរបស់យើងបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំងដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុ កើតឡើង៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖