ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ ចោទប្រកាន់ បុរសម្នាក់ដែលវាយសង្សាររបួសពេញមុខ នៅខណ្ឌសែនសុខ ពីបទ «ហិង្សា»

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូង ប្រាប់ភ្នាក់ងារ សារព័ត៌មាន ប្រចាំតុលាការ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ពីបទហិង្សា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
លោកបន្ដថា សំណុំរឿងមួយនេះ នឹងត្រូវបន្តបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តនីតិវិធី ពាក់ព័ន្ធលើករណីវាយនារីជាសង្សារ បណ្ដាលរបួសពេញផ្ទៃមុខ នៅសង្កាត់ភ្នំពេញថ្មី។
អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង១៖៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះ ជាសង្សារឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
រឿងរ៉ាវមួយនេះផ្អើលសង្គមហ្វេសប៊ុក ភាគច្រើនរិៈគន់អ្នក២ ឆ្នាំងណា គ្របហ្នឹង ពេញៗទំហឹង៕ដោយ៖ សិលា


ចែករំលែក៖