ភ្នំពេញ៖ លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានបញ្ជាក់ថា អាជ្ញាធរខេត្តត្រូវជៀសវាងនូវគំនិតគ្រប់គ្រងនិយម ត្រូវខិតខំដោះស្រាយបញ្ហានានា និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។
នៅក្នុងឱកាសអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វុី សំណាង អភិបាលខេត្ត ដើម្បីឈ្វេងយល់អំពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងប្រមូលព័ត៌មានពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ព្រឹទ្ធសភា នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម ជឹមហ៊ុយ បានបញ្ជាក់ថា សេដ្ឋកិច្ចជាកត្តាសំខាន់ បើកាលណាសេដ្ឋកិច្ចដួលរលំអ្វីៗក៏ដួលរលំដែរ ដូចនេះត្រូវរួមចំណែកបំពេញឱ្យបានល្អទាំងការងារសន្តិសុខ ទាំងការងារសេដ្ឋកិច្ច និងសង្គមប្រជាធិបតេយ្យក្នុងខេត្តឱ្យបានល្អប្រសើរ។ លោកបានសរសើរថា អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានដោះស្រាយរាល់ការលំបាកទាំងឡាយឱ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានផ្ទុះឡើងរាតត្បាតជាសកល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ហើយប្រទេសកម្ពុជាយើងក៏ទទួលឥទ្ធិពលនៃជំងឺកូវីដ-១៩ នេះដែរ ព្រមទាំងបានខិតខំដោះស្រាយនូវជីវភាពរស់នៅជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានយ៉ាងល្អប្រសើរ។ លោក ម៉ុម ជឹមហ៊ុយ បានផ្តាំផ្ញើឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាសន្តិសុខ សន្តិភាពស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ជារួមវិស័យអប់រំយុវជន កីឡា ធម្មការ និងសាសនា វប្បធម៌ វិចិត្រសិល្បៈ ព្រមទាំងវិស័យទេសចរណ៍ និងការកសាងរដ្ឋបាលមួយឲ្យបានស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើប្រទេសជាតិ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំ ប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឲ្យខេត្តមានការរីកចម្រើនឈានទៅមុខ និង មានការអភិវឌ្ឍលើគ្រប់វិស័យ។ ទាក់ទងនឹងបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគួរគប្បីបន្តដោះស្រាយជាជំហានៗ ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ច លើកកម្ពស់ការ បណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅ អភិបាលកិច្ចល្អ ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍនភាពសង្គម។ គណៈ ប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា នឹងនាំយកបញ្ហាប្រឈម និងសំណូមពរនានាដែលខេត្តកំពង់ស្ពឺបានលើកឡើង ដើម្បីសិក្សា និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការដោះស្រាយតាមលទ្ធភាព ដែលអាចធ្វើទៅបាន។
តាមរបាយការណ៍របស់លោក វុី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មកដល់ពេលនេះខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យការងារអប់រំ មានសាលាមត្តេយ្យសិក្សាចំនួន៥២៦ សាលារដ្ឋមានចំនួន២០៩ សាលាឯកជនមានចំនួន៣១ និងសាលាសហគមន៍មានចំនួន២៨៦ សាលាបឋមសិក្សាចំនួន៣៥០ សាលារដ្ឋមានចំនួន៣១៦ និងសាលាឯកជនមានចំនួន៣៦ អនុវិទ្យាល័យចំនួន៧៥ សាលារដ្ឋមានចំនួន៧២ និងសាលាឯកជនមាន៣ វិទ្យាល័យចំនួន២៩ សាលារដ្ឋមានចំនួន២៤ និងសាលាឯកជនមានចំនួន៥ ឧត្តមសិក្សាចំនួន៣។ ការងារធម្មការ និងសាសនា មានវត្តព្រះពុទ្ធសាសនាចំនួន២៨៨វត្ត និងអាស្រមចំនួន២៤ ពុទ្ធិកសាសនាចំនួន៧៤សាលា និងពាហិរសាសនាចំនួន១០០ព្រះវិហារ។ ការងារទេសចរណ៍ខេត្តមានតំបន់រមណីយដ្ឋានចំនួន១៩កន្លែង ឧស្សាហកម្មទេសចរណ៍ចំ នួន៣៣១កន្លែង និងសហគមន៍ទេសចរណ៍ចំនួន៥កន្លែង៕ដោយ៖ សំរិត