ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួលកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។
សម្តេចបានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកា សេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ : “ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុង ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (Building Forward Sustainably in Emerging Economies)” ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការសំខាន់ៗ ក្នុងគោលបំណងសម្រេច ឲ្យបាននូវរបៀបវារៈឆ្នាំ ២០៣០ : ការអភិវឌ្ឍប្រកបដោយចីរភាព, នៅក្នុងបរិការណ៍មួយ ដែល ប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺ កូវីដ-១៩ ។
ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនការព្រួយបារម្ភ និង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុង តំបន់ និងសកលលោក ។ ការណ៍នេះ បានធ្វើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ -១៩ ក្លាយជាបញ្ហា
រួម របស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ ។ នៅក្នុងបរិការណ៍នេះ, ខ្ញុំសូមលើកឡើងនូវគំនិតមួយចំនួន ដើម្បីឲ្យប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងអនាគតប្រកបដោយចីរភាព ដូចខាងក្រោម ៖
ទី១. ការកាត់បន្ថយនូវផលប៉ះពាល់ និង ធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម, កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជា ការងារ ដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឲ្យបានជាអតិបរិមា ។ ដើម្បី គោលដៅនេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ ចំនួន ៥ ជុំ រួចមកហើយ ហើយយើងកំពុងតែបន្តតាមដានសភាពការណ៍ ប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់ ដោយត្រៀមដាក់ចេញនូវវិធានការជាក់ស្តែងថែមទៀត តាមការចាំបាច់ ។
ទី២. ទស្សនវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ។ លើមូលដ្ឋាននេះ, ខ្ញុំសូមគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននៅក្នុងគ្រប់ វិស័យនោះឡើយ ផ្ទុយទៅវិញ, គោលដៅរបស់យើង គឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ។ តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេស ។
ទី៣. ជំងឺកូវីដ បាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈ ជាពិសេសចំណូល រដ្ឋ ។ ការបាត់បង់ចំណូលបានទាមទារឲ្យរដ្ឋាភិបាលដាក់ចេញយន្តការថ្មីៗ ដើម្បីកៀរគរ ធនធានហិរញ្ញវត្ថុ ដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត ។ ដើម្បីសម្រេច បានគោលដៅនេះ ខ្ញុំយល់ឃើញថា ការចាប់ដៃគូរវាងវិស័យសាធារណៈ និង វិស័យឯកជន គឺ ជាយន្តការស្នូលមួយមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញ វត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍន៍ , ទាំងនៅក្នុងអំឡុង និង ក្រោយវិបត្តិនេះ ។
ទី៤. នៅក្នុងបរិការណ៍ដ៏លំបាកនេះ, ដើម្បីធានាជំរុញការកែទម្រង់របស់ខ្លួនទៅមុខ, ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោល គឺ ការរក្សានូវភាពជាដៃគូ, ទាំងទ្វេភាគី និងពហុភាគី, សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍ, សន្តិភាព និងស្ថិរភាពក្នុង តំបន់ និងពិភពលោក ។ ជាមួយគ្នានេះផងដែរ, ការពង្រឹង និងរក្សាបាននូវរំហូរនៃការវិនិយោគ, ទេសចរណ៍អន្តរជាតិ និង រំហូរដោយសេរី និងរលូន នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេស ចរាចរណ៍នៃទំនិញចាំបាច់ ដូចជា ស្បៀងអាហារ និងបរិក្ខារពេទ្យ គឺជាកត្តាដ៏សំខាន់សម្រាប់ធានាស្ថិរភាព និងផលិតកម្ម , សុវត្ថិភាព, លំនឹងជីវភាពសង្គម និងកិច្ចដំណើរការឡើងវិញនៃច្រវាក់ផ្គត់ផ្គង់ , នៅក្នុងកម្រិតប្រទេសនីមួយៗ ក៏ដូចជាក្នុងកម្រិតតំបន់ និងពិភពលោក ។ ទី៥. យើងទាំងអស់គ្នាត្រូវតែបន្តខិតខំពង្រឹងសកលភាវូបនីយកម្ម ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិន ធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ក្នុងបរិការណ៍នេះ, យើងត្រូវតែធានាឲ្យបានថា យន្តការកិច្ចសហប្រតិបត្តិ ។ ការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជា ពិសេស ការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃ ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។
ទី៦. ដោយមិនបង្អែរបង្អង់, យើងត្រូវនាំគ្នាគិតគូរជាយុទ្ធសាស្រ្ត អំពីកិច្ចការស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច, បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់, តាមរយៈ ការពន្លឿននូវការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ និងដែលត្រូវបានរៀបចំ បន្ថែម ឲ្យបានលឿន និង ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ទី៧. ក្នុងកម្រិតសកល , យើងត្រូវតែបន្តធានាឲ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយ អន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុចំពោះប្រទេសកំពុងអភិវឌ្ឍ ដើម្បីបន្តជំរុញចលនការ នៃការងារកែទម្រង់ប្រកបដោយចីរភាព ដែលជារបៀបវារៈឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ។ ក្នុងបរិការណ៍នេះ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការផ្តល់កិច្ចសហការប្រកបដោយបុរេ សកម្ម និងការផ្តល់នូវជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដែលបានជួយឲ្យកម្ពុជាអាចគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ៕
ដោយ៖សុខ ខេមរា