ព័ត៌មានទាន់ហេតុការណ៍៖

រំលោភប្អូនថ្លៃបាន១០ដងទើបដឹងដល់បងស្រី

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពេជ្រចិន្តាបានឃាត់ខ្លួនបុរសល្មោភកាមម្នាក់នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨៖០០នាទី នៅត្រង់ចំណុចជិតរបងកាស៊ីណូស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១៦និង៥៥នាទីថា មានករណីរំលោភសេពសន្ថវៈលើអនីតិជន កើតឡើងចំនួន១លើកបង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។

សមត្ថកិច្ចដដែលបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃរបស់ខ្លួនអាយុ១៤ឆ្នាំ ( កើតឆ្នាំ២០០៦) រស់នៅផ្ទះជាមួយគ្នា។

បើតាមការបញ្ជាក់ពីបងស្រីនារីរងគ្រោះបានឱ្យដឹងថា ចំពោះហេតុការណ៍នេះខ្លួននាងបានមកទាន់ឃើញបុរសល្មោភកាមនេះកំពុងធ្វើសកម្មភាពចាប់រំលោភលើកុមារីរងគ្រោះពិតប្រាកដមែន។ក្រោយមកនាងបានរាយការណ៍ប្រាប់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកឱ្យឃាត់ខ្លួនជនសង្ស័យតែម្តង។

បើតាមការសាកសួររបស់សមត្ថកិច្ចជនរងគ្រោះបានប្រាប់ថា កន្លងមកជនសង្ស័យធ្លាប់បានចាប់រំលោភសេពសន្ថវៈមកលើរូបនាងបានសម្រេចប្រហែល១០ដងមកហើយ ហើយដោយសារតែខ្លាចជនសង្ស័យរូបនេះធ្វើបាបទើបនាងមិនហ៊ានប្រាប់បងស្រីរបស់ខ្លួនទេ លុះក្រោយមកទៀតក៏ត្រូវបងស្រីមកទាន់បែបនេះទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសួរនាំនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់ហើយ៕

ដោយ៖សូរិយា


ចែករំលែក៖