ខេត្តពោធិ៍សាត់ ៖ ផ្ទះ១ខ្នងបានរអិលធ្លាក់ចូលទៅក្នុងទឹកស្ទឹងពោធិ៍សាត់ បើទោះជាទឹកបានស្រកទៅហើយក្ដី បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសម្ភារជាច្រើន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១៥នាទី រសៀលថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវកៅស៊ូមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុិន ភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់កើតហេតុ មានប្រពន្ធឈ្មោះ មុំ ច្រិប អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ និងកូនប្រុសស្រីចំនួន៥នាក់ក្នុងបន្ទុកគ្រួសារ។ ផ្ទះមានទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ រនាបក្រាលក្ដារ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា ករណីរអិលផ្ទះធ្លាក់ចូលទឹកស្ទឹងនេះ ពុំបង្កការរងរបួសដល់មនុស្សឬសត្វឡើយ ប៉ុន្តែបានរងការខូចខាតសម្ភារនិងទ្រព្យសម្បត្តិមួយចំនួន។ មូលហេតុ ៖ ផ្ទះសង់លើមាត់ស្ទឹង ហើយប៉ុន្មានថ្ងៃនេះទឹកជន់ឡើងខ្លាំង។
ចំពោះករណីនេះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានកំពុងចុះស្រាវជ្រាវ និងពិនិត្យដើម្បីធ្វើរបាយការណ៍ ៕ដោយ៖ បុឹម ពិន