ភ្នំពេញ៖ព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិទី១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចប្រធានក្រុមការងារ បានជំរាបសួរសុខទុក្ខអំពីជីវភាពប្រចាំថ្ងៃ អំពីបញ្ហាសុខភាពផ្ទាល់របស់បងប្អូន និងក្រុមគ្រួសារ ព្រមជាមួយនេះដែរ សម្តេច បានរំលឹកបងប្អូនឲ្យអញ្ជើញទៅពិនិត្យ ទិន្នន័យផ្ទាល់ខ្លួនក្នុងបញ្ជីបោះឆ្នោតឆ្នាំចាស់ដែលគ.ជ.ប បានបិទផ្សាយនៅសាលាសង្កាត់ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ បើឃើញមានបាត់ឈ្មោះ ឬខុសទិន្នន័យផ្សេងៗ សូមអញ្ជើញទៅស្នើសុំកែតម្រូវ ឬចុះឈ្មោះជាថ្មី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០នេះ ហើយបើមានកូនក្មួយដែលដល់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះក៏សូមណែនាំឲ្យទៅចុះឈ្មោះនៅសាលាសង្កាត់ផងដែរ។
ក្នុងការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សម្តេច មានប្រសាសន៍ជំរាបជូនអំពីការវិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិកម្ពុជាយើងនាពេលបច្ចុប្បន្ន ហើយ សម្តេច ក៏បានសង្កត់ធ្ងន់ថា ” ស្រុកទេសយើងសព្វថ្ងៃមានសុខសន្តិភាពពេញបរិបូណ៌ ទើបយើងមានការរីកចម្រើនឆាប់រហ័ស ហើយជីវភាពរបស់ប្រជាជនយើងក៏កាន់តែត្រូវបានលើកកំពស់ និងល្អប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងនាថ្ងៃនេះ”។
សម្តេចភក្តី បានផ្តល់អនុសាសន៍ដល់បងប្អូន សុំឲ្យរួមសាមគ្គីគ្នាបន្តថែរក្សាការពារ សន្តិភាព នេះឲ្យបានគង់វង់យូរអង្វែងតទៅ និងសូមសហការជាមួយអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់យើង និងរួមសហការទប់ស្កាត់រាល់បទល្មើសនានាផងដែរ។
ចំពោះមុខវិបត្តិជម្ងឺកូវីដ-១៩ សភាពការណ៍នៅកម្ពុជា យើង មកដល់ពេលនេះ មានការធូរស្រាលច្រើនហើយ ដោយសារយើងការពារទប់ស្កាត់បានល្អ និងទាន់ពេលវេលាចំពោះការចម្លងជម្ងឺរាលដាលដល់ក្នុងសហគមន៍។ ក៏ប៉ុន្តែសភាពការណ៍នៅលើសកលលោក ជាពិសេសនៅ បណ្តាប្រទេសជិតខាងយើង នៅមិនទាន់ធូរស្រាលនោះទេ ហើយហានិភ័យនៃការចម្លងរោគក៏កំពុងគម្រាមកំហែងធ្ងន់ធ្ងរនៅឡើយ។
សម្តេចប្រធានក្រុមការងារបានក្រើនរំលឹកបងប្អូនឲ្យបន្តអនុវត្តរាល់វិធានការដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបាន
ណែនាំ ៖
-ត្រូវរក្សាអនាម័យខ្លួនប្រាណឲ្យបានល្អ និងជាប្រចាំ ដោយប្រើសាប៊ូ ទឹកអាល់កុល….។
-អនុវត្តគម្លាតសុវត្ថិភាពសង្គម និងបុគ្គល…។
-បន្តប្រើម៉ាស់ការពារក្នុងពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ ក្នុងពេលធ្វើការងារ ឬក្នុងទីសាធារណៈដែលមានមនុស្សច្រើន។
-បើមានអាការៈមិនស្រួលខ្លួនត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យជួបគ្រូពេទ្យជំនាញឲ្យពិនិត្យព្យាបាល ឬបើពិនិត្យឃើញមានករណីសង្ស័យចំពោះរោគសញ្ញាកូវីដ-១៩ សូមទាក់ទងផ្តល់ព័ត៌មានតាមខ្សែទូរស័ព្ទ ១១៥ ឬលេខទូរស័ព្ទដែលក្រសួងបានផ្សព្វផ្សាយ៕
ដោយ៖សូរិយា