អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះ លោក ស្កុត ម៉ូរីសុន(Scott Morrison) នាយករដ្ឋមន្រ្តីអូស្រ្តាលី បានទទូចថាប្រទេសណាដែលអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 បានជោគជ័យ ត្រូវចែករំលែកជាសកលព្រោះបើមិនដូច្នោះទេ ប្រវត្តិសាស្ត្រនឹងក្លាយទៅជាចៅក្រមកាត់ក្តីរឿងនេះមិនខាន។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញាឆ្នាំ២០២០។
ជាក់ស្តែងនៅក្នុងវេទិកាអង្គការសហប្រជាជាតិ (UN) តាមប្រព័ន្ធអនឡាញលោក Morrison បានធ្វើការអំពាវនាវដូចខាងលើនេះ ខណៈសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់អូស្ត្រាលី បានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីសហការគ្នាលើការផលិត និងចែកចាយវ៉ាក់សាំងនេះ ប្រកបដោយសមធម៌។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Morrison បានគូសបញ្ជាក់ទៅកាន់មហាសន្និបាត UN ដែលបានចាក់បញ្ចាំងនៅមុខសាលមហោស្រពអូពែរ៉ាហៅស៍ នៃទីក្រុងស៊ីដនី (Sydney Opera House) ថា៖ «ប្រទេសណាដែលអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 បានជោគជ័យ ត្រូវតែចែករំលែកព្រោះវាជាការទទួលខុសត្រូវជាសកល ហើយវាក៏ជាការទទួលខុសត្រូវខាងសីលធម៌ សម្រាប់វ៉ាក់សាំងដែលត្រូវតែចែកចាយ ពាសពេញសកលលោកនេះផងដែរ។ មនុស្សខ្លះអាចមើលឃើញតែផលប្រយោជន៍ ឬការចំណេញក្នុងរយៈពេលខ្លី ប៉ុន្តែខ្ញុំធានាដល់អ្នកដែលគិតបែបនោះថា មនុស្សជាតិនឹងមានការចងចាំយូរអង្វែងជាប្រវត្តិសាស្ត្រ និងធ្វើជាចៅក្រមកាត់ក្តីយ៉ាងធ្ងន់ធ្ងរចំពោះទង្វើនេះ»។
គួរបញ្ជាក់ផងថា ប្រទេសអូស្រ្តាលីបានប្ដេជ្ញាថា នឹងចែកចាយវ៉ាក់សាំងCOVID-19 ជាសកល ប្រសិនបើវ៉ាក់សាំងដែលមានប្រសិទ្ធភាពត្រូវបានអភិវឌ្ឍន៍ឡើងដោយជោគជ័យ ហើយថែមទាំងបានបង្ហាញការគាំទ្រ ចំពោះកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង Covax ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិទៀតផង ដែលវាមានគោលបំណងក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងចំនួន ២ពាន់លានដូស ដើម្បីត្រៀមសម្រាប់ចែកចាយជាសកលនៅចុងឆ្នាំ ២០២១នាពេលខាងមុខនេះ៕ដោយ៖ស តារា