ភ្នំពេញ៖ ករណីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានផ្ទុកវីរុសកូវីដ-១៩។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ១. ករណីបុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ៖
នៅព្រឹកវេលាម៉ោង១០:៣០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រសួង បានទទួលលទ្ធផលវិភាគពីវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាដោយបង្ហាញថា លទ្ធផលធ្វើតេស្តវត្ថុសំណាកបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នោះ គឺបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩ ។ ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង ៩ព្រឹក នៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសម្ងំនៅក្នុងផ្ទះ វីឡាមួយក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និង ភរិយា_(មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប រួចរាល់ហើយដែរ។ ក្រុមការងារ កំពុងតែបន្តធ្វើការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាបន្តទៀត។ ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទី ក្រុងភ្នំពេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានហៅតាក់ស៊ីមួយជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះ ទេ។ ពេលមកដល់ខេត្តសៀមរាប គាត់នៅសង្ខំធ្វើការក្នុងផ្ទះ ដោយគាត់ ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច (សរសេរសៀវភៅ) មានតែថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូ កង់បី (តុតុ) នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។ រីឯភរិយាគាត់ ដោយសារមានម្ហូប អាហារ ជាច្រើនក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្តងគត់ប៉ុណ្ណោះ តែ ពួកគាត់មានការអនុវត្តនូវវិធានការការពារដោយបានពាក់ម៉ាស់ពេលទៅកាន់ទីកន្លែងដូចបានជម្រាបជូនខាងលើ។
ចំណែកឯការរស់នៅរបស់គាត់ គឺមិនមានអ្នកផ្សេងមកប៉ះពាល់នោះឡើយ។ បច្ចុប្បន្ន ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនៃនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លងរបស់ក្រសួងសុខាភិបាលដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងបន្តធ្វើកិច្ចការចាំបាច់ៗ សម្រាប់ការស្រាវជ្រាវ រកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួង នឹងបន្តជូនព័ត៌មានដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ ប្រសិនបើ មាន ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។
ដូច្នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ៖
ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖
គិតត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
– ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៤នាក់ (ស្មើនឹង ៩៩,២៧% ធៀបនឹងចំនួន
– អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០១នាក់ និងនៅអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២២០នាក់ – អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៦នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២២នាក់)មន្ទីរពេទ្យខេត្តសៀមរាប ចំនួន ០១នាក់។
ករណីជាសះស្បើយ ៖ មិនមានអ្នកជាសះស្បើយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តន៍ វិធានការការពារការចម្លងវីរុសកូវីដ-១៩ ទៅតាមការណែនាំ និងការអំពាវនាវជារឿយៗរបស់ក្រសួង ដើម្បីសុខភាពរបស់លោកអ្នក របស់ក្រុមគ្រួសារលោកអ្នក និងការពារការចម្លងចូលក្នុងសហគមន៍យើងផងដែរ។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាលនិង ក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យា ស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបាន ល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់ កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ហ្វេសប៊ុកក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ៖សុខ ខេមរា