ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៥ខែកញ្ញានេះ សមត្ថកិច្ចខេត្តបាត់ដំបងបានស្រាវឃាត់ខ្លួន ចោរប្លន់ម្នាក់ នៅរាជធានីភ្នំពេញដែលរត់មកលាក់ខ្លួន នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបងហើយ ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ច ក៏បានបញ្ជូនទៅកាន់សមត្ថកិច្ចរាជធានីភ្នំពេញភ្លាមៗដែរ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ អាយុ ២១ ឆ្នាំ រស់នៅភូមិក្រាញ់ តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនមន្ត្រីជំនាញ ដកហូតបានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1IB-7320 ។ដែលជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះប្លន់បានជិះមកលាក់ខ្លួននៅខេត្តបាត់ដំបង។
ជននេះ ត្រូវបានឃាត់ខ្លួន តាមរយៈក្មេងប្រុសម្នាក់ ដែលជននេះ ប្រើឲ្យទៅដកលុយជំនួស នៅកន្លែង « វីង » ដែលជននេះ ប្រាប់ឲ្យ មិត្តស្រីរបស់ខ្លួន នៅភ្នំពេញ វេរឲ្យចំនួន ១០ ម៉ឺន រៀល ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ជាមួយនឹងបក្ខពួកផ្សេងទៀតតែជននេះ អះអាងថា ខ្លួនមិនមែនជាមេខ្លោង ក្រុមប្លន់ប្រដាប់អាវុធទេ ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ នេះ រួមជាមួយគូកន ផ្សេងទៀត ដែលបានឃាត់ខ្លួនគឺពួកគេ បានធ្វើសកម្មភាព ស្ទាក់ប្លន់យកម៉ូតូអ្នកដំណើរ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត មួយចំនួនទៀត មិនតិចជាង ១០ លើកឡើយ ហើយម្តងនេះសមត្ថកិច្ចស្រាវជ្រាវដឹងតាមឃាត់ខ្លួនបានជាបន្តបន្ទាប់៕ដោយ៖ប្រាថ្នា