ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យផលិតកម្មដំណាំបន្លែ(ត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ថិតក្នុងស្រុកខ្សាច់កណ្តាលដដែល ចេញពីកម្មវិធីចែកកូនត្រី លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម លោកអភិបាលខេត្តកណ្តាល និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណាំបន្លែ(ត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់។ ម្ចាស់ចំការប្រុស ស្រី បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីអំពីការងារដាំដុះ ប្រមូលផល ទីផ្សារ ចំណូល ការងារបណ្តុំបន្ថែសុវត្ថិភាព និងបញ្ហាផ្សេងៗ។ ពួកគាត់បានបញ្ជាក់ថា ក្នុងមួយឆ្នាំគាត់ទទួលបានប្រាក់ចំណូលប្រមាណជាបីពាន់ដុល្លារអាមេរិក ហើយទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី លោកអភិបាលខេត្ត និងជាពិសេសមន្រ្តីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់ កម្លាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យផលិតកម្មបន្លែរបស់ពួកគាត់រីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន ប៉ុន្តែមានបញ្ហាសំខាន់មួយគឺតំបន់នេះទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំទើបតែឆ្នាំនេះ ពុំមានទឹកលិចទេ ដូច្នេះពួកគាត់បានដាំបន្តទៀត។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែរួចមក លោករដ្ឋមន្ត្រីបានសាទរ និងគាំទ្រចំពោះការខិតខំប្រឹងប្រែងដាំបន្លែគ្រាន់ជាប្រភពចំណូលក្នុងគ្រួសារ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានណែនាំមន្ទីរចុះមកជួយរៀបចំចងក្រង និងពង្រឹងបណ្តុំអាជីវកម្មបន្លែ ដើម្បីធានាបានទីផ្សារ តម្លៃ និរន្តរភាពនៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលឈានទៅធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ក្នុងខណ:ដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីដ-១៩ ៕

ដោយ៖សិលា


ចែករំលែក៖