ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យគុយបា “Henry Reeve” ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព​

ចែករំលែក៖

គណៈកម្មការសន្តិភាពពិភពលោក (WPC) បានបានស្នើបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពដល់ក្រុមគ្រូពេទ្យ​របស់គុយបា មានឈ្មោះថា”Henry Reeve” សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២០ ដោយសារតែក្រុមគ្រូពេទ្យខាងលើខិតខំទប់ស្កាត់ជំងឺឆ្លង​​កូវីដ​-១៩ ។
នៅក្នុងសារលិខិត​ផ្ញើទៅកាន់​គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព នៅប្រទេស ន័រវេស លិខិតរបស់(WPC) បានបញ្ជាក់យ៉ាងច្បាស់​ថា ក្រុមគ្រូពេទ្យ​គុយបា បានខិតខំទប់ស្កាត់កូវីដ​-១៩ ជួយដល់មនុស្សជាច្រើន​រួចផុតពីក្តីស្លាប់ដោយកូវីដ​-១៩ ។
តាមការលើកឡើងរបស់​(WPC)​បានបញ្ជាក់យ៉ាងច្បាស់ថា​«​យើង បានត្រួតពិនិត្យ និងវាយតម្លៃ​យ៉ាងច្បាស់ពីក្រុមគ្រូពេទ្យ​គុយបា បានខិតខំជួយព្យាបាលអ្នកជំងឺតាំងពី​មុនពេលកូវីដ​-១៩ផ្ទុះឡើងមកម៉្លេះ។
អង្គការក្រៅរដ្ឋាភិបាល ដែលមានសាខា​ធ្វើសកម្មភាពនៅជាង​១០០ប្រទេសជុំវិញពិភពលោកបញ្ជាក់ថា ក្រុមគ្រូពេទ្យ “Henry Reeve”​របស់គុយបា មិនត្រឹមតែធ្វើសកម្មភាពក្នុងពេលផ្ទុះកូវីដ​-១៩ នោះឡើយ គឺបានធ្វើសកម្មភាពតាំងពីជាង​៦ទសវត្សរ៍កន្លងមក​»។
សូមបញ្ចាក់ថា គុយបា គឺជា​ប្រទេសដែលបញ្ជូនគ្រូពេទ្យទៅធ្វើការនៅក្រៅប្រទេសច្រើនជាងគេបំផុតលើពិភពលោក ​។ បច្ចុប្បន្នក្រុម​គ្រូពេទ្យ”Henry Reeve”មានអ្នកជំនាញ ៣៧០០នាក់​បែងចែកជា​៤៦ក្រុម​​ជួយដល់៣៩ប្រទេសជុំវិញពិភពលោកទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ ក្រុមគ្រូពេទ្យខាងលើ ធ្លាប់បានចូលរួមក្នុងសកម្មភាព ជួយសង្គ្រោះ​ក្នុងហេតុការណ៍មានដូចជា គ្រោះទឹកជំនន់​១៦លើក ព្យុះ៨លើក រញ្ជួយដី​៨លើក ​និង ជំងឺឆ្លងនៅលើពិភពលោក​​៤លើកកន្លងមក។ ទាំងនោះហើយទើបក្រុមគ្រូពេទ្យ​”Henry Reeve”សមទទួលបានពានរង្វាន់ណូបែលសន្តិភាព​៕ដោយ៖ធី រីណា


ចែករំលែក៖