ព័ត៌មានទាន់ហេតុការណ៍៖

ឃើញគេបណ្តើរម៉ូតូអស់សាំងតាមផ្លូវធ្វើជាចិត្តល្អជួយធាក់ជួយដោលម៉ូតូទៅចាក់សាំងរួចហើយបញ្ឆេះជិះយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ចេញពីផឹកសុីជិះម៉ូតូអស់សាំងតាមផ្លូវ ក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមានជនសង្ស័យ៣នាក់ធ្វើជាចិត្តល្អជួយធាក់ជួយដោលម៉ូតូទៅចាក់សាំងឲ្យ លុះចាក់សាំងរួចហើយក៏បញ្ឆេះជិះចេញទៅបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ១៣៨កែងនឹងផ្លូវលេខ២៦១ក្បែរភោជនីយដ្ឋានផ្ទះផាតធី  ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យយកទៅបាត់នោះ ម៉ាកហុងដា ស្គូពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 0233 មិនចាំអក្សរ។

បើតាមសម្ដីជនរងគ្រោះឈ្មោះ មៀន ចិត្រា អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរ បុគ្កលិកលក់រថយន្ត ស្នាក់នៅក្នុងការាស លក់រថយន្តមួយកន្លែង នៅតាមផ្លូវកម្ពុជាក្រោម ខាងកើតស្ពានអាកាសមន្ទីរពេទ្យព្រះកុសុមៈប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងចេញពីផឹកស៊ីនៅ ការាសលក់រថយន្តថៅកែរបស់ខ្លួន សាខាទី២ នៅចំណុចស្តុបកោសដូង ដោយធ្វើដំណើរតាមផ្លូវលេខ២៦១ ហើយម៉ូតូក៏អស់សាំង រួចក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿង (ស៊េរីអូតូ មិនចាំម៉ាក) ធ្វើជាចិត្តល្អមកជួយធាក់ដោលម៉ូតូរបស់គាត់ ទៅរកកន្លែងចាក់សាំង ហើយគាត់ក៏ប្រាប់ថា បើជ្រុលជាពួកបងជួយខ្ញុំហើយ ជួយធាក់រូញឲ្យទៅដល់ការាសលក់រថយន្តរបស់ថៅកែខ្ញុំតែម្ដងទៅនៅផ្លូវកម្ពុជាក្រោម។ ឮដូច្នេះពួកគេក៏យល់ព្រម ហើយធាក់រុញម៉ូតូមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ១៣៨ ជិតភោជនីយដ្ឋាន ផ្ទះផាតធី ក៏ឈប់ម៉ូតូទាំងអស់គ្នា ។

ជនរងគ្រោះបន្តថា ខណ:ឈប់នៅចំណុចកើតហេតុ ជនសង្ស័យទាំងបីនាក់នោះ មិនដឹងទៅយកសាំងពីណាមកទេមួយដបទឹកសុទ្ធ(កន្លះលីត្រ) មកបើកកែបម៉ូតូរបស់គាត់ រួចចាក់សាំងចូល ហើយគាត់ក៏លើកដៃសំពះអរគុណ ជនសង្ស័យក៏និយាយប្រាប់ថាមិនអីទេ រួចក៏ធ្វើជាបញ្ចេះឲ្យគាត់មើល ហើយឡើងជិះចេញទៅបាត់ទៅ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ទី២ បានចុះមកពិនិត្យមើលដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី២ ដើម្បីសាកសួរ និងឱ្យដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនសង្ស័យទាំងនោះ ។ លុះពេលមកដល់ប៉ុស្តិ៍សមត្ថកិច្ចសួរនាំមិនទាន់ច្បាស់លាស់ផង ជនរងគ្រោះប្រាប់ថា រូបគេងងុយដេកហើយ សុំឲ្យសមត្ថកិច្ចជួយដឹកទៅឃ្លាំងលក់រថយន្តថៅកែរបស់ខ្លួនវិញសិន ចាំស្អែកព្រឹកមកដាក់ពាក្យបណ្ដឹង ៕ជ្រោយពេជ្រ


ចែករំលែក៖