ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! ចៅក្រម​អាមេរិក ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​TikTok ពី App store និង Play store​

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុត! ​កម្មវិធី​TikTok ពី App store និង Play store ត្រូវបានចៅក្រមសហព័ន្ធអាមេរិក នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០ចេញដីកាផ្អាកបណ្តោះអាសន្នបម្រាមដែលហាមឃាត់មិនឲ្យទាញយកកម្មវិធីទាំងអស់នេះ ការចេញដីកានេះ ធ្វើឡើងប៉ុន្មានម៉ោងមុនបម្រាមរបស់ក្រសួងពាណិជ្ជកម្មអាមេរិកក្រោមហេតុផលសន្តិសុខជាតិ ត្រូវចូលជាធរមាន

បើតាមការអះអាងរបស់ចៅក្រមសហព័ន្ធមកពីរដ្ឋវ៉ាស៊ីនតោន លោក Carl Nichols ដែលចេញដីកាផ្អាកបណ្តោះអាសន្ន នូវការអនុវត្តបម្រាមរបស់ក្រសួងពាណិជ្ជកម្ម ក្រោយមានការតវ៉ាពីសំណាក់ក្រុមហ៊ុន TikTok លោក លើកឡើងថា វិធានការដែលហាមមិនឲ្យទាញយកកម្មវិធីនេះ ជាការដកហូតសិទ្ធិយ៉ាងសំខាន់របស់ក្រុមហ៊ុន ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ពីមូលហេតុឡើយ ដោយរង់ចាំការជជែកជាមួយភាគីដើមបណ្ដឹង និងចុងបណ្ដឹងសិន មុននឹងបញ្ចេញដីកាជាសាធារណៈ

ជាក់ស្តែង នៅក្នុងសវនាការថ្ងៃទី២៧ ខែកញ្ញា ចៅក្រម Nichols ក៏បានច្រានចោលការស្នើមួយទៀតរបស់​TikTok ដែលទាមទារមិនឲ្យអនុវត្តនូវបម្រាមមួយផ្សេងទៀតរបស់ក្រសួងពាណិជ្ជកម្ម បម្រាមមួយផ្សេងទៀតរបស់ក្រសួងពាណិជ្ជកម្ម ដែលនឹងចូលធរមាននៅថ្ងៃទី១២វិច្ឆិកា គឺហាមមិនឲ្យក្រុមហ៊ុនអ៊ីធឺណិ ផ្តល់សេវា ដល់ក្រុមហ៊ុន TikTok​ ចំណែកក្រុមហ៊ុនTikTok វិញថា បម្រាមខាងលើនោះ នឹងធ្វើឲ្យកម្មវិធីរបស់ខ្លួនមិនអាចប្រើប្រាស់បានតែម្តង

ដោយឡែកក្រសួងយុត្តិធម៌អាមេរិក ទាក់ទងនឹងការហាមប្រាមទាញយកវិញក៏បានប្រតិកម្មទៅនឹងដីកានេះថា៖ ការបន្តឲ្យពលរដ្ឋអាមេរិកនៅអាចទាញយកកម្មវិធី TikTok ជាការជ្រៀតជ្រែកទៅនឹងការសម្រេចចិត្តលើបញ្ហាសន្តិសុខជាតិរបស់ប្រធានាធិបតី កែប្រែបរិបទនៃការចចាររវាង​TikTok និងគណៈកម្មការវិនិយោគអាមេរិក បន្ថែមពីនេះ វាក៏ជាការបណ្តោយឲ្យព័ត៌មានរស៊ើបស្ថិតក្រោមការគ្រប់គ្រងរបស់ByteDance ដែលជាក្រុមហ៊ុនមេរបស់TikTok និងធ្វើឲ្យអ្នកប្រើប្រាស់ថ្មីប្រមុខគ្រោះថ្នាក់ផងដែរ

យ៉ាងណាមិញ TikTok បានចរចាជាមួយ Oracle និង​Walmart ដើម្បីបន្តរកស៊ីនៅអាមេរិក ហើយកិច្ចព្រមព្រៀងនេះ ស្ថិតក្រោមការវាយតម្លៃរបស់គណៈកម្មការវិនិយោគបរទេសអាមេរិកព្រោះកន្លងមក TikTok បានលើកឡើងថា ហេតុផលនៃការរឹតត្បិតរបស់ក្រសួងពាណិជ្ជកម្មអាមេរិកមិនមែនដោយសាររឿងសន្តិសុខជាតិនោះទេ ប៉ុន្តែគឺដោយសារហេតុផលនយោបាយ ដែលទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខ

ជាមួយគ្នានេះដែរមេធាវីតំណាង TikTok បានលើកឡើងថា ការហាមមិនឲ្យទាញយកនេះ គឺមិនធ្លាប់មាន និងមិនសមហេតុផល លោកបន្តថា តើមានហេតុផលយ៉ាងដូចម្តេចក្នុងការហាមឃាត់មិនឲ្យទាញយកកម្មវិធីនេះ ខណៈការក្រុមហ៊ុនកំពុងធ្វើការចចារ លោកថា នេះគឺជាការធ្វើបាបក្រុមហ៊ុន និងគ្មានបញ្ហាបន្ទាន់អ្វីឡើយ

បើតាមក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងទៅ បានពន្យារពេលការអនុវត្តបម្រាមហាមទាញយកកម្មវិធី TikTok រយៈពេលសប្តាហ៍ ដោយផ្តល់ពេលឲ្យក្រុមហ៊ុន​TikTok Oracle និង Wallmart សម្រេចកិច្ចព្រមព្រៀងប្រតិបត្តិការ TikTok នៅក្នុងទឹកដីអាមេរិក ខណៈដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងលើកឡើងថាព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកជិត១០០លាននាក់ អាចនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្សកុម្មុយនីស្តចិន

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ខែកញ្ញាកន្លងទៅចៅក្រមសហព័ន្ធ Laurel Beeler នៃរដ្ឋកាលីហ្វ័រនីញ៉ាដែល ក៏បានចេញដីកាមួយហាមប្រាមការអនុវត្តបញ្ជារបស់ក្រសួងពាណិជ្ជកម្ម ដែលហាមមិនឲ្យទាញយកកម្មវិធី​WeChatផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖