ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុកដ៏វ័យក្មេង ឃឹម ហ្វីណង់ បន្តលែងកូនត្រី ធម្មជាតិ២០,០០០ក្បាលទៅក្នុងបឹងឈូក

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បន្តធ្វើការ«លែងកូនត្រីធម្មជាតិ២០,០០០ក្បាលទៅក្នុងបឹងឈូក»៖ ធ្លាប់តែទទួលបានផលពីបឹង ថ្ងៃនេះបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស តាមរយៈការធានានិរន្តរភាពនៃជីវៈចម្រុះ ដើម្បីចីរភាពនៃប្រព័ន្ធអេកូឡូហ្សីនៅក្នុងតំបន់បឹងឈូក។ នេះបើយោងតាម ផេតផ្លូវការ របស់លោកបានបង្ហោះនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

លោកថ្លែងថា៖ ដោយមានការសហការនិងបដិភាគថវិកាពីសហគមន៍ទេសចរណ៍បឹងឈូក រដ្ឋបាលស្រុកបន្ទាយស្រីបានរៀបចំឱ្យមានកម្មវិធីលែងពូជកូនត្រីធម្មជាតិចំនួន៣ប្រភេទ(ត្រីប្រា ត្រីក្រាញ់ ត្រីឆ្ពិន)សរុបចំនួន ២០,០០០ក្បាលទៅក្នុងបឹងឈូក ដែលជាបឹងធម្មជាតិមិនចេះរីងស្ងួត មានទឹកថ្លាស្អាតគ្មានការបំពុលបរិស្ថាន និងជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយនៅក្នុងស្រុកបន្ទាយស្រី ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ កន្លងមក រដ្ឋបាលស្រុកបានជម្រុញឱ្យសហគមន៍បឹងឈូកពង្រីកវិសាលភាពរបស់ខ្លួនបន្តិចម្តងៗពីសហគមន៍ទេសចរណ៍ មកជាសហគមន៍ដែលជួយគាំពារការងារអភិរក្ស ដូចជាថែរក្សាព្រៃលិចទឹកក្បាលជប់ ដាំដើមកោងកាងទឹកសាបឡើងវិញ យាមល្បាតការដាក់មងចាប់យកសត្វស្លាប និងការឆក់ត្រីខុសច្បាប់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅបន្តរាយមងដាក់យកត្រីនៅក្នុងបឹងនេះផងដែរ ដែលជាសកម្មភាពមួយគួរត្រូវបានហាមឃាត់ ព្រោះវាអាចបណ្តាលឱ្យមានការសឹករិចរិលនៃធនធានធម្មជាតិ និងបាត់លំនឹងតុល្យភាពនៃជីវចម្រុះរបស់បឹង។

លោកថា៖ ខ្ញុំចេះតែលួចស្រមៃថា ប្រសិនបើថ្ងៃណាមួយបឹងនេះក្លាយទៅជា”បឹងស្ទូចត្រីធម្មជាតិ” មិនដឹងជាល្អយ៉ាងណាទេ។ សហគមន៍អាចហាមឃាត់ការដាក់មង តែបង្កើតជាកន្លែងស្ទូចត្រីដោយយកកម្រៃតិចតួចដើម្បីទាក់ទាញអ្នកទេសចរ និងយកថវិកាដែលរកបានទៅទិញកូនត្រីធម្មជាតិសម្រាប់ចាក់បំពេញបន្ថែមវិញជាប្រចាំ មួយឆ្នាំម្តងរឺពីរដងក៏បាន។ ប្រសិនបើធ្វើបែបនេះបាន វានឹងក្លាយទៅជាគំរូនៃការអភិវឌ្ឍប្រកបដោយចីរភាពមួយ ហើយសូម្បីតែពិធីលែងកូនត្រីប្រចាំឆ្នាំក៏អាចក្លាយទៅជាព្រឹត្តការណ៍ទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយបានផងដែរ។

លោកអភិបាលស្រុកដ៏វ័យក្មេង ឃឹម ហ្វីណង់ បានបញ្ចេញជាទិសស្លោកថា៖ «ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កអោយមានវិនាសកម្មដល់ថ្ងៃអនាគត» ។ លោកចង់បានទេសចរណ៍ជនបទ ,ទេសចរសហគមន៍, អោយរីកចម្រើនក្នុងមូលដ្ឋាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖