ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាទៅដេកលើផ្លូវដែកត្រូវរថភ្លើងកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្មកររោងចក្រធ្វើដំណើរទៅធ្វើការប្រទះឃើញដេកស្លាប់ក្នុងស្ថានភាពដាច់ដៃដាច់ជើងនៅលើផ្លូវរថភ្លើងខ្សែភ្នំពេញ- កំពត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសារតែគាត់ផឹកស្រាស្រវឹងរួចទៅដេកនៅលើផ្លូវដែកនោះ។

បុរសខាងលើឈ្មោះ សុខា សោភ័ណ្ឌ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងអូដឹម មានទីលំនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងមានស្រុកកំណើតនៅឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋបាននិយាយថា កាលពីវេលាយប់ថ្ងៃទី២៨ ខែកញ្ញាពួកគាត់បានឃើញបុរសខាងលើដើរតាមផ្លូវជាតិលេខ៤ក្នុងស្ថានភាពស្រវឹងពីទិសខាងកើតឆ្ពោះទៅទិសខាងលិច បន្ទាប់មកទៅអង្គុយនៅលើផ្លូវដែកនោះ ហើយក្រោយមកមិនបានចាប់អារម្មណ៍ថាគាត់ដេកនៅទីនោះឬបែបណានោះទេ។លុះមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែកញ្ញា ទើបត្រូវបានកម្មករ១ក្រុមដែលធ្វើដំណើរទៅធ្វើការនៅរោងចក្រប្រទះឃើញសាកសពបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ប៉ុន្តែកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា មានរថភ្លើង១ខ្សែបើកបរក្នុងទិសដៅពីត្បូងទៅជើងដែរ ហើយមកដល់វេលាម៉ោងប្រហែល៥ព្រឹកថ្ងៃដដែលក៏មានរថភ្លើងដឹកប្រេង១ខ្សែទៀតបើកបរធ្វើដំណើរពីទិសដដែលនេះចូលភ្នំពេញដែរ តែពុំដឹងថារថភ្លើងមុនឬក្រោយទេដែលកិនជនរងគ្រោះស្លាប់នោះ។
កម្មករសំណង់ម្នាក់បាននិយាយថា កាលពីថ្ងៃទី២៨ ខែកញ្ញា មេការបានឲ្យឈប់សម្រាក១ថ្ងៃព្រោះតែភ្លៀងធ្វើការមិនកើត ហើយពេលនោះកម្មករមួយចំនួនបាននាំគ្នាទៅផ្ទះនិងមួយចំនួនទៀតសម្រាកនៅក្នុងការដ្ឋានសំណង់ចំណែកជនរងគ្រោះបានផឹកស្រាស្រវឹងធ្លាក់ភ្នែក។ក្រោយមកក៏បានដើរចេញពីការដ្ឋានសំណង់ ហើយក៏បានបាត់ខ្លួនរហូតដល់ព្រឹកឡើងទើបប្រទះឃើញសាកសពបែបនេះតែម្ដង ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កន្ទោកនិងខណ្ឌកំបូលបានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនិងបានទាក់ទងទៅកាន់ក្រុមគ្រួសារដើម្បីនាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖