ចៅក្រមអាមេរិកមួយរូបបានបញ្ជាក់ថា ច្បាប់ហាមប្រាមដល់បណ្តាញសង្គមកម្សាន្ត ទិកតុករបស់ចិននៅលើទឹកដីអាមេរិកគឺជារឿងខុសច្បាប់។ ចៅក្រមក្នុងទីក្រុង វ៉ាស៊ីនតោនលោកCarl Nichols កាលពីថ្ងៃទី២៨ ខែកញ្ញា បាន បញ្ជាក់ថា លោកត្រាំអាចបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្រោយពេលលោកបានហាមប្រាមក្រុមហុនទិកតុក។
ចៅក្រម Carl Nichols បានបញ្ជាក់ថា ការហាមប្រាមរបស់ប្រធានាធិបតី «គឺលើសពីច្បាប់អនុញ្ញាត » នៅក្នុងច្បាប់សន្តិសុខ សេដ្ឋកិច្ច (IEEPA) ដែលលោកត្រាំលើកយកមកការពារច្បាប់ហាមប្រាមទិកតុករបស់ខ្លួន។
ច្បាប់ខាងលើ អនុញ្ញាតឲ្យប្រធានាធិបតីមានសិទ្ទិបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនបរទេសនៅលើទឹកដីអាមេរិក ហាមប្រាមដឹកជញ្ជូន និងអនុវត្តវិធីសាស្ត្រចាំបាច់ទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខ កិច្ចការបរទេស និងសេដ្ឋកិច្ចអាមេរិក។
ចៅក្រមCarl Nichols បានលើកឡើងថា រូបភាពវីដេអូបង្ហោះនៅលើបណ្តាញសង្គមទិកតុកមានលក្ខណៈជាព័ត៌មាន។ មានពលរដ្ឋអាមេរិកជាង១០០លាននាក់បានប្រើប្រាស់ទិកតុកដើម្បីចែករំលែក រូបភាពសប្បាយៗ ភាពយន្ត ព័ត៌មាន និងសកម្មភាពសិល្បៈជាដើម។
ចៅក្រមCarl Nichols បានសម្រេចផ្អាកច្បាប់ហាមប្រាមរបស់លោកត្រាំជាបណ្តោះអាសន្នទៅលើបណ្តាញទិកតុក។កន្លងមកក្រុមហ៊ុន«មេ» របស់ទិកតុក គឺក្រុមហ៊ុន ByteDance បានដាក់លិខិតទៅកាន់អាមេរិក ស្នើឲ្យផ្អាករាល់ច្បាប់ហាមប្រាមរបស់លោកត្រាំដើម្បីជាមូលដ្ឋានជួយដល់ក្រុមហ៊ុនមានដំណោះស្រាយ៕ដោយ៖ធី រីណា