ព័ត៌មានទាន់ហេតុការណ៍៖

ការលើកកម្ពស់កិត្យានុភាពជាតិ ជាតួនាទីដ៏សំខាន់របស់និស្សិតទទួលបានអាហារូបករណ៍នៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានស្នើសុំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងណូវែលសេឡង់ជួយផ្សព្វផ្សាយនូវភាពរីកចម្រើនរបស់ប្រទេសកម្ពុជាដែលជាសម្មិទ្ធផលសំខាន់ៗបានមកពីការកសាងសន្តិភាពរយៈពេលជាង៤០ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់មជ្ឈដ្ឋានខាងក្រៅ។ តម្លៃនៃសន្តិភាពនេះ ធ្វើឱ្យប្រទេសកម្ពុជាទទួលបានឱកាសជាច្រើនក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍធនធានមនុស្ស ។ ជាក់ស្តែង អាហារូបករណ៍នេះក៏ជាសម្មិទ្ធផលដែលកើតពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនានា ។ លោកស្រីរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើនិស្សិតទាំងអស់ត្រូវរួបរួមគ្នាថែរក្សា និងការពារតម្លៃនៃសុខសន្តិភាពនេះ ដើម្បីឈានទៅកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងសកលភាវូបនីយកម្ម និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៥០ ។ នេះបើយោងតាមផេកផ្លូវការក្រសួងកិច្ចការនារី បង្ហោះនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
នាឱកាសនោះ លោកស្រីរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការលើកកម្ពស់ស្ថានភាពស្ត្រី និងសមភាពយេនឌ័រក៏ជាកត្តារួមចំណែកដ៏មានសក្តានុពលក្នុងកិច្ចអភិវឌ្ឍជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព ។ ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ (២០១៩-២០២៣) ត្រូវបានចែកជូនដល់និស្សិតទាំងអស់ ដើម្បីជាទន់ក្នុងការស្វែងយល់បន្ថែមពីសារៈសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ ។
ក្នុងកិច្ចសំណេះសំណាលនេះ និស្សិតជ័យលាភីក៏មានឱកាសទទួលបានការចែករំលែកនូវបទពិសោធន៍ និងគន្លឹះល្អៗដើម្បីទទួលបានភាពជោគជ័យពីការសិក្សានៅក្រៅប្រទេសពីមន្ត្រីក្រសួងកិច្ចការនារីដែលធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសទាំងពីរផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖