ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុប​បុករថយន្តប៉ាហ្សេរ៉ូកំពុងបត់ឆ្លងផ្លូវ​បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ និងមនុស្ស៣នាក់របួសធ្ងន់ស្រាល​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តយីឌុប​ ប្រភេទដឹកដីធុនធំមួយគ្រឿង បានបេីកបុករថយន្តប៉ាហ្សេរ៉ូ(PAJERO)ពីក្រោយពេញទំហឹង​ បណ្ដាលឲ្យមនុស្សរបួសធ្ងន់២នាក់​ និងស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៩យប់​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅក្បែររង្វង់មូលនាងកងស្រូវ​(ឬកួរស្រូវ) ប្រហែល១០០ម៉ែត្រ​ តាមផ្លូវលេខ២១៧​ ក្នុងសង្កាត់រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

  តាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកេីតហេតុ​ រថយន្តម៉ាកPAJERO ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2A-2691 បានបេីកចេញពីកន្លែងលក់សាច់អាំងក្បែរទីកេីតហេតុ​ តាមផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងមកជេីង​ ហេីយមានបំណងឆ្លងផ្លូវមកក្រោយវិញ​ ខណៈឆ្លងបានបន្តិចក៏មានរថយន្តម៉ាក​ DAEWOO ប្រភេទយីឌុប​ដឹកដីធុនធំ​ធ្វេីដំណេីរតាមផ្លូវលេខ២១៧​ ក្នុងទិសដៅពីជេីងមកត្បូងដោយប្រើល្បឿនលឿន​មិនប្រយ័ត្ន​ក៏បុករថយន្តPAJERO ចំចំហៀងពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរថយន្តPAJERO វិលពីរទៅបីជុំរងការខូចខាតយ៉ាងដំណំ​ និងទៅប៉ះរថយន្តមួយគ្រឿងទៀតដែលចតនៅប្របចិញ្ចេីមផ្លូវរងការខូចខាតតិចតួច​ ។ 

  ក្រោយកេីតហេតុភ្លាមៗ​ រថយន្តយីឌុបបានបេីកគេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្ត​ និងតៃកុង​ប្រគល់ឲ្យសមត្ថកិច្ច​ ។ ក្នុងហេតុការណ៍នេះគេឃេីញមនុស្សប្រុស៣នាក់នៅក្នុងរថយន្តរងគ្រោះម៉ាក​ PAJERO បានរងរបួសធ្ងន់២នាក់​ ស្រាលម្នាក់​ ហេីយត្រូវបានប្រជាពលរដ្ឋយករថយន្តមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗផងដែរ​ ។ 

    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​និងទាក់ទងទៅជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តPAJERO និងរថយន្តយីឌុប​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ឯរថយន្តមួយគ្រឿងទៀតដែលរងការខូចខាតតិចតួចមិនចង់មានរឿងវែងឆ្ងាយ​ ក៏បេីកចេញពីកន្លែងកេីតហេតុបាត់ទៅ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖