ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំក្រុមការងារ ចូលរួមវេទិកា អាស៊ី-អឺរ៉ុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព តាមរយៈប្រព័ន្ធវីដេអូសន្និសីទជាមួយប្រទេសជាសមាជិកអាស៊ាន ក្រោមអធិបតីភាព លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
សូមជម្រាបថា ៖ វេទិកាអាស៊ីអឺរ៉ុបស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
-លើកកម្ពស់ការយល់ដឹងស្ដីពី គ្រោះថ្នាក់នៃឱសថក្លែងក្លាយ និងអន់គុណភាព ដែលបង្កជាបញ្ហាដល់វិស័យសុខភាពសាធារណៈ និងវិស័យសុខាភិបាល ក៏ដូចជាបង្កជាបន្ទុកដល់សេដ្ឋកិច្ចជាតិផងដែរ។
-ពិភាក្សាពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ទៅលើឱសថក្លែងក្លាយ និងអន់គុណភាព និងផ្ដល់នូវការណែនាំនានាក្នុងការប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនានា ហើយចែករំលែកនូវការប្តេជ្ញាចិត្តរបស់អាស៊ានតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ ស្ដីពីឱសថក្លែងក្លាយ និងអន់គុណភាព។
-លើកទឹកចិត្តឲ្យមានកិច្ចសន្ទនាអាស៊ី-អឺរ៉ុប រវាងអ្នកពាក់ព័ន្ធមកពីវិស័យផ្សេងៗ ដើម្បីអនុវត្ត គោលនយោបាយ និងការអនុវត្តច្បាប់ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព។
-ឯកភាពគ្នាលើវិស័យជាអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ និងអន្តរជាតិ រវាងអាស៊ីនិង អឺរ៉ុបស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព។
សូមជម្រាបជូនផងដែរថា ៖ វេទិកានេះប្រព្រឹត្តិទៅមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងកម្មវិធី នេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវធ្វើជាវាគ្មិនដើម្បីធ្វើ បទបង្ហាញស្តីពីយុទ្ធសាស្រ្តក្នុងការអនុវត្តច្បាប់សម្រាប់ការបង្រ្កាបឱសថក្លែងក្លាយ និងអន់គុណភាព របស់ប្រទេសកម្ពុជា ជូនដល់ប្រទេសជាសមាជិកអាស៊ានក្នុងអង្គវេទិកាអាស៊ីអឺរ៉ុបស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពផងដែរ៕
ដោយ៖ សិលា