ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៣នាក់ បានជិះម៉ូតូធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្រជាពលរដ្ឋដែលកំពុងជិះតាមដងផ្លូវ រួចយកម៉ូតូជិះគេចខ្លួន តែមិនបានសម្រេចឡើយ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនបាន២នាក់នាំយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់។ ករណីលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១និង១០នាទី យប់នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន សុភ័ក្តភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនអីអឹម (វិស្វករវាស់វែងផ្នែកអគ្គិសនី)។
ចំណែកក្រុមជនសង្ស័យមានគ្នា៣នាក់៖
ទី១-ឈ្មោះ ហង្ស សុខនី ហៅ ប៊ុច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ ព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរ ជាងភ្លើង(ឃាត់ខ្លួន)។
ទី២-ឈ្មោះ ឆាយ សុភា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស(ឃាត់ខ្លួន) ។
ទី៣-ឈ្មោះ សំអន ភេទប្រុសមានទីលំនៅខេត្តព្រៃវែង(គេចខ្លួន)។
ដោយឡែកវត្ថុតាងចាប់យកមានម៉ូតូ១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ តាកែវ 1V-2527,ទូរស័ព្ទដៃ២គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកេីតហេតុខាងលេីជនសង្ស័យទាំង៣នាក់បានជិះម៉ូតូ១គ្រឿងដោយជនសង្ស័យឈ្មោះ ឆាយ សុភា ជាអ្នកបេីកបរម៉ូតូ និងឈ្មោះ ហង្ស សុខនី ជាអ្នកជិះកណ្តាល និងឈ្មោះ សំអូន ជាអ្នកជិះខាងក្រោយ បានជិះម៉ូតូពីផ្ទះរបស់ឈ្មោះ ហង្ស សុខនី ឆ្ពោះមកភ្នំពេញ តាមផ្លូវជាតិលេខ៣ដើម្បីធ្វើសកម្មភាពលួច លុះជិះមកដល់ចំណុចកេីតហេតុឃើញជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ភ្លាមៗនោះជនសង្ស័យឈ្មោះ ឆាយ សុភា បានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចជនសង្ស័យឈ្មោះ សំអនដែលជិះពីក្រោយកាន់ដំបង បានចុះពីលេីម៉ូតូបម្រុងវាយជនរងគ្រោះ ហេីយបានលេីកយកម៉ូតូជនរងគ្រោះជិះគេចខ្លួន តែភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗ ពេលនោះប្រជាពលរដ្ឋបានដេញតាមពីក្រោយ និងធ្វើការពួនស្ទាក់។ ឃេីញដូចនោះ ជនសង្ស័យភ័យបានផ្តួលម៉ូតូចោល រត់ចូលព្រៃដេីម្បីគេចខ្លួនតែត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ច រុករកតាមចាប់ខ្លួនបានជនសង្ស័យ២នាក់ នៅចំណុចឃុំគោកត្រប់។ ដោយឡែក ជនសង្ស័យឈ្មោះ សំអន បានជិះម៉ូតូ ជនរងគ្រោះគេចខ្លួនបាត់ទៅ។
ករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេត និងបន្តចាត់ការស្វែងរកតាមនីតិវិធី៕ ស្អាងជ័យ