ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ថៃ អះអាងថា៖ ខ្លួនត្រៀមចាប់ផ្តើមបើកវិស័យទេសចរណ៍ឡើងវិញ ជាមួយជើងហោះហើរដំបូងមកពីប្រទេសចិន នៅសប្តាហ៍ក្រោយនេះ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ថៃមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះថាប្រទេសថៃនឹងទទួលភ្ញៀវទេសចរបរទេសឡើងវិញជាលើកដំបូង នៅពេលដែលជើងហោះហើរពីប្រទេសចិនមកដល់នៅសប្តាហ៍ក្រោយដែលបង្ហាញពីការចាប់ផ្តើមឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលបានរងផងប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការបិទប្រទេស។

ថ្លែងប្រាប់សារព័ត៌មាន Reuters លោក យុទ្ធថាសាក់ ស៊ូផាសន(Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ  បានបញ្ជាក់ថាជើងហោះហើរលើកដំបូងនេះមានផ្ទុកភ្ញៀវទេសចរចិនប្រហែល ១២០នាក់មកពីទីក្រុងក្វាងចូវ (Guangzhou) ប្រទេសចិន ជាជើងហោះហើរត្រង់មកកាន់កោះរមណីយដ្ឋានភូកេត។ ចំពោះការសម្រេចខាងលើធ្វើឡើងក្រោយ ប្រទេសថៃរក្សាបានចំនួនករណីឆ្លងជំងឺCOVID-19 នៅត្រឹម,៥៥៩ករណីក្នុងនោះ មនុស្ស ៥៩នាក់បានស្លាប់ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការហាមឃាត់ភ្ញៀវបរទេសចាប់តាំងពីខែមេសាមកម្ល៉េះ ហើយរំពឹងថានឹងធ្លាក់ចុះ.៥ភាគរយ នៅឆ្នាំ២០២០នេះ។

លោក ប្រធានអាជ្ញាធរទេសចរណ៍ថៃរូបនេះ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរនឹងទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលវែង ចាប់ផ្តើមពីថ្ងៃទី៨ ខែតុលាខាងមុខនេះតទៅ ហើយពួកគេនៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល នៅពេលមកដល់ប្រទេសថៃ ប៉ុន្តែអាចស្នាក់នៅក្នុងសណ្ឋាគារ ដែលមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធបាន។ បន្ថែមពីលើនេះ ពួកគេក៏តម្រូវឲ្យមានធានារ៉ាប់រងសុខភាព និងការធ្វើតេស្តអវិជ្ជមានចំពោះ COVID-19 រយៈពេល៧២ម៉ោង មុនពេលធ្វើដំណើរ ហើយនឹងត្រូវធ្វើតេស្តពីរដងទៀត កំឡុងពេលនៃការធ្វើចត្តាឡីស័កផងដែរ។

ដោយឡែកទាក់ទិននឹងបញ្ហានេះលោកស្រី Traisulee Traisoranakul ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលថៃ ក៏បានរំពឹងថា ភ្ញៀវទេសចរចំនួន,២០០នាក់នឹងមកដល់ប្រទេសថៃនៅខែដំបូង និងអាចបង្កើតប្រាក់ចំណូលប្រមាណជា១ពាន់លានបាត (ប្រហែលជា ៣១.៥៥លានដុល្លារអាមេរិក) ហើយអាចកើនដល់១៤,៤០០នាក់សម្រាប់រយៈពេលមួយឆ្នាំ ដែលរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រមាណ ១២.៤ពាន់លានបាត។ចំណែកភ្ញៀវទេសចរបរទេសដែលអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ប្រទេសថៃ គឺមកពីប្រទេសមួយចំនួន ដែលរដ្ឋាភិបាលថៃចាត់ទុកជាប្រទេសជោគជ័យក្នុងការប្រយុទ្ធប្រឆាំង COVID-19 ដូច្នេះហើយគឺបង្កហានិភ័យទាប។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងមិនទាន់បើកប្រទេសទាំងស្រុងនៅឡើយទេ ប៉ុន្តែយើងកំណត់ចំនួនភ្ញៀវទេសចរ តាមរយៈការពាក់កងដៃដែលភ្ជាប់ជាមួយនឹងកម្មវិធីទូរស័ព្ទដើម្បីតាមដានពួកគេ»

គួរជម្រាបផងដែរថា រដ្ឋាភិបាលបានព្យាករណ៍ថាភ្ញៀវទេសចរបរទេសចំនួន.៧លាននាក់នឹងចូលមកប្រទេសថៃនៅឆ្នាំ ២០២០នេះ ដោយកាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសថៃទទួលបានភ្ញៀវទេសចររហូតដល់៣៩.៨លាននាក់ ហើយការចំណាយរបស់ពួកគេស្មើប្រមាណជា១១.៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ ប្រទេសថៃ ឬស្មើនឹង .៩៣ ពាន់ពាន់លានបាត៕ដោយ៖ស តារា


ចែករំលែក៖