ខេត្តកំពង់ចាម៖ នគរបាលស្រុកព្រៃឈរចាប់ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីចាប់រំលោភកូនស្រីបង្កើតអាយុ១៣ឆ្នាំរហូតបានសម្រេចនៅក្នុងចម្ការដំឡូង។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចព្រៃចម្ការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឱ្យដឹងថា ជនសង្ស័យដែលរំលោភកូនបង្កើតរបស់ខ្លួនមាន ឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ។ ចំណែកកុមារីរងគ្រោះអាយុ១៣ឆ្នាំ ។
លោកបន្តថា ការចាប់ខ្លួនជនសង្ស័យនេះបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្តាយជនរងគ្រោះ ឈ្មោះអ.ច.ធ. អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ(ត្រូវជាប្រពន្ធជនសង្ស័យ) ។
ស្រ្តីជាប្រពន្ធជនសង្ស័យនិងជាម្តាយកុមារីរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់ខ្លួនឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ផឹកស្រាស្រវឹង បាននាំកូនស្រីរបស់ខ្លួនបង្កើត អាយុ១៣ឆ្នាំ ទៅកាប់ឫស្សីនៅចំណុចព្រៃចម្ការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ មានចម្ងាយប្រហែល៣៥០ម៉ែត្រពីភូមិ ហើយក៏ធ្វើសកម្មភាពគំរាមកំហែងកូនរួចចាប់រំលោភសេពសន្ថវៈទៅលើនាងរហូតបានសម្រេច១លេីក។
លោកអធិការបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នឹងបានធ្វើតេស្តស្វែងរកសារធាតុញៀនឃើញថា អវិជ្ជមាន។
ករណីនេះជនសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕ ដោយ៖វណ្ណៈ