ប្រទេសវៀតណាម៖ គិតមកដល់វេលាម៉ោង១៨៖០០នាទីល្ងាច ថ្ងៃទី ៣០ ខែកញ្ញា វៀតណាមមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១០៩៤នាក់ ក្នុងចំណោមនោះមានអ្នកឆ្លង ដល់ទៅ១០១០នាក់បានព្យាបាលជាសះស្បើយត្រឡប់ទៅផ្ទះវិញ។ ជាមួយគ្នានេះនៅមានអ្នកជំងឺតែ ៤៦ នាក់ប៉ុណ្ណោះកំពុងព្យាបាល។
ក្នុងចំណោមអ្នកឆ្លងទាំង១០៩៤នាក់ មាន៦៩១នាក់ឆ្លងនៅក្នុងសហគមន៍។ ក្រៅពីនេះគឺអ្នកជំងឺមកពីក្រៅប្រទេស ហើយជាមួយគ្នានោះក៏មានអ្នកស្លាប់៣៥នាក់ផងដែរ។ ចំនួនអ្នកឆ្លងថ្មីដំណាក់កាលទីពីរ គិតពីថ្ងៃទី២៧ខែកក្កដា ដល់ថ្ងៃទី៣០ខែកញ្ញា មានចំនួន៥៥១នាក់។
ពេលនេះដែរនៅមានពលរដ្ឋ១៥.៩៥៤នាក់កំពុងតែធ្វើចត្តាឡីស័ក ដោយសារតែអ្នកទាំងនោះមកពីតំបន់ដែលមានករណីឆ្លងកូវីដ-១៩។ ក្នុងចំណោមនោះមានជាង១ម៉ឺននាក់ធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ។
ចំណែកអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកគិតមកដល់ថ្ងៃទី៣០ខែកញ្ញា មានមនុស្សសរុបចំនួន ៣៣,៨៨៤,០៨៧នាក់ ក្នុងនោះអ្នកជំងឺចំនួន ១,០១៣,៤៥៧នាក់បានស្លាប់។ ជាមួយគ្នានេះក៏មានអ្នកជំងឺ ដល់ទៅ ២៥,១៧៩,៤៥៥នាក់ ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។
អង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ៕
ដោយ៖ធី រីណា