ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX300មួយគ្រឿងបុករះជាច្រេីនកន្លែងបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លៃងបើករថយន្តឡិចសុីសRX-300 មួយគ្រឿងបោះពួយលឿនដូចហោះជ្រុលទៅបុកបង្គោលភ្លើង១ដើមបាក់រាបដល់ដីនិងបុករថយន្ត២គ្រឿងចតស្ងៀម បុកស្លាកយីហោមួយផ្ទាំង ម៉ូតូ១មួយគ្រឿងនិងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាត​ និងធ្វេីឲ្យបុរស២នាក់រងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះវេរលុយមួយកន្លែង ជិតវត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២  ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បេីតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីសRX-300 ពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ2K-9487តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូងដោយប្រីេល្បឿនលឿនដូចហោះ​ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្ម២បាក់រាបដល់ដី និងបន្តទៅបុករថយន្តចតស្រៀមទៅមុខផ្ទះចំនួន២គ្រឿង ១គ្រឿងម៉ាកកាមរីឆ្លាម និង១គ្រឿងទៀតម៉ាកកូរ៉ូឡាបណ្តាលឲ្យខ្ទាតទៅប៉ះបុរសម្នាក់ត្រូវជាក្មួយម្ចាស់ផ្ទះរងរបួសធ្ងន់ រួចរថយន្តបង្កហេតុបានបន្តទៅបុកស្លាកយីហោវេរលុយ១ផ្ទាំងបាក់រាបដល់ដី និងម៉ូតូអ្នកដំណើរមួយគ្រឿងទៀតម៉ាកហុងដាគុបមូលបណ្តាលឲ្យម្ចាស់ម៉ូតរងរបួសធ្ងន់សរុបទាំងអស់របួសធ្ងន់បុរស២នាក់។

  បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើករថយន្តបង្កឃើញសភាពមិនស្រួលបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅនគរបាលជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖