ខេត្តកំពង់ចាម ៖ នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ចំពោះក្រុមជនសង្ស័យដែលរពឹសដៃយកដុំថ្មគប់កញ្ចក់រថយន្តបែកធ្លាយទៅត្រូវចំអ្នកបេីកបរតាមផ្លូវនៅពេលយប់ ហេីយរេចង្កូតទៅបុកដើមកៅស៊ូនៅចំណុចឃុំបុសខ្នុរ ស្រុកចំការលេីបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ជនសង្ស័យទាំង២នាក់គឺទី១-ឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មានសារជាតិញៀន និង២-ឈ្មោះ រី ធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានសារជាតិញៀន។
ក្រោយសួរនាំតាមជំនាញសមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ឈឿន ភារម្យ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ រី ធា ធ្លាប់បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តដែលធ្វើដំណើនៅលើផ្លូវជាតិ ចំនួន៦លើកមកហើយ។
សូមរំលឹកថា យុវជនជាអ្នកបើកបររថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារត្រូវជនអន្ធពាលលួចវាយប្រហារដោយគប់នឹងដុំថ្មធ្លុះកញ្ចក់រថយន្តត្រូវចំដើមទ្រូងកាលពីវេលាម៉ោង១៨:៣៥នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រភពពីមន្រ្តីនគរបាលស្រុកចំការលើបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ។
ជនរងគ្រោះបើកបររថយន្តដឹកទំនិញពីខេត្ដក្រចេះសំដៅទៅផ្ទះវិញត្រូវក្រុមជនអន្ធពាលយកដុំថ្មគប់ចំកញ្ចក់ខាងមុខ ហើយធ្លុះទៅត្រូវដើមទ្រូងម្ដុំចុងដង្ហើមធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត ហេីយបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែអកុសលជនរងគ្រោះក៏បានផុតដង្ហេីមស្លាប់ទៅ។
ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជាលោក សាន សុភៈ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកំពង់ចាម ៕ដោយ៖ វណ្ណៈ