ព័ត៌មានទាន់ហេតុការណ៍៖

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ អះអាងថា៖ ខ្លួនបានឆ្លងជំងឺកូវីដ-១៩, រីឯលោកស្រី យីងឡាក់ កំពុងធ្វើចត្តាឡីស័ក

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៣ខែតុលា ឆ្នាំ២០២០នេះ បានចុះផ្សាយថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់(Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនោះ បានអះអាងថា លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប្រហែលជាពីរសប្តាហ៍មកហើយ បន្ទាប់ពីបានទទួលការធ្វើតេស្តនិងរកឃើញថាខ្លួនលោកមានផ្ទុកវីរុសCOVID-19

បើតាមការបញ្ជាក់ពីលោក វីម រុងវឌ្ឍនាចិន្តា (Wim Rungwattanachinda) អ្នកនាំពាក្យក្រៅផ្លូវការនៅទីក្រុងបាងកក នៃក្រុមគ្រួសារស៊ីណាវ៉ាត់ បានគូសបញ្ជាក់ថា៖ «លោក Thaksin ដែលមានអាយុ៧១ឆ្នាំទៅហើយ ជាមហាសេដ្ឋីម្នាក់កំពុងរស់នៅទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានធ្វើតេស្តរកឃើញថា លោកមានផ្ទុកមេរោគCOVID-19 កាលពីចុងខែសីហាកន្លងទៅនេះ ខណៈលោកបានធ្វើតេស្តដោយខ្លួនឯង ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដែលផលិតឡើងដោយក្រុមហ៊ុនមួយដែលលោកជាវិនិយោគិន»

បន្ថែមពីនេះទៅទៀតលោក Wim សង្កត់ធ្ងន់ថា «លោក Thaksin បានធ្វើតេស្តវិជ្ជមានម្តងទៀត ខណៈដែលលោកបានទៅដល់មន្ទីរពេទ្យមួយនៅទីក្រុង Dubai ជាកន្លែងដែលលោកស្នាក់នៅបានប្រហែលមួយសប្តាហ៍ដើម្បីទទួលការព្យាបាល មុនពេលផ្ទេរទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀតនៅឯទីក្រុង អាប៊ូដាប៊ី (Abu Dhabi) ជាកន្លែងដែលលោកស្នាក់នៅបានមួយសប្តាហ៍ទៀត»

ជាមួយគ្នានោះដែរ លោកស្រី យីងឡាក់ (Yingluck) ដែលត្រូវជាប្អូនស្រីរបស់លោក ថាក់ស៉ីន និង យ៉ាវវ៉ាផា (Yaowapa) ក៏ត្រូវបានគេឱ្យធ្វើចត្តាឡីស័កផងដែរបន្ទាប់ពីលោក Thaksin ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគ COVID-19 នេះ ប៉ុន្តែលោកស្រីបានចេញលទ្ធផលអវិជ្ជមានចំពោះមេរោគនេះ។

ទន្ទឹមនឹងនេះ លោក Thaksin បាននិយាយថា លោកសង្ស័យថាខ្លួនបានឆ្លងមេរោគ COVID-19 នេះដោយសារតែលោកភ្លេចលាងសម្អាតដៃ ខណៈដែលលោកបានទៅកាន់ទីកន្លែងញុំាអាហារមួយ បើទោះបីជាលោកបានពាក់ម៉ាសការពារមុនពេលចេញទៅទីសាធារណៈក៏ដោយ ៕ដោយ៖ស តារា


ចែករំលែក៖